តុលាការបានកាត់ទោសដាក់ពន្ធនាគារដល់មន្ត្រីការប្រកួតបាល់ទាត់ ចំនួនពីររូប បន្ទាប់ពីរកឃើញថា ពួកគេបានធ្វេសប្រហែស ដែលបានបង្កឱ្យមានការរត់ជាន់គ្នាក្នុងកីឡដ្ឋានមួយ បណ្ដាលឱ្យមានមនុស្សស្លាប់ កាលពីខែតុលា ឆ្នាំ២០២២។
ការប្រកួតរវាងក្រុម Arema FC និង Persebaya Surabaya នៅទីក្រុង Malang នៃរដ្ឋ Java បានបញ្ចប់ដោយភាពចលាចល ដោយមានអ្នកទស្សនាចំនួន ១៣៥នាក់ បានស្លាប់នៅពេលដែលប៉ូលីស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅកាន់ហ្វូងមនុស្ស។
មន្ត្រីការប្រកួតម្នាក់ ឈ្មោះ Abdul Haris ត្រូវបានរកឃើញថាមានទោស ដោយសារតែការធ្វេសប្រហែសរបស់គាត់ ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះ។ ជាមួយគ្នានេះ មន្ត្រីសន្តិសុខ ឈ្មោះ Suko Sutrisno មានទោសពីបទធ្វេសប្រហែស ហើយបានកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារមួយឆ្នាំផងដែរ។
បុរសទាំងពីរ បានធ្វើការឱ្យក្រុម Arema FC ហើយត្រូវបានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ដាក់បម្រាមមិនឱ្យចូលរួមសកម្មភាពបាល់ទាត់អស់មួយជីវិត។
ការស៊ើបអង្កេត បានរកឃើញមូលហេតុចម្បងនៃការរត់ជាន់គ្នា គឺប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្ស។ អ្នកស៊ើបអង្កេត បាននិយាយផងដែរថា កីឡដ្ឋាននេះ បានផ្ទុកអ្នកទស្សនាលើសពីសមត្ថភាពដែលអាចផ្ទុកបាន។
ចំណែក មេធាវីការពាររបស់មន្ត្រីការប្រកួតទាំងពីររូប កាលពីថ្ងៃសុក្រ បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេនឹងមិនប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះទេ។ ដោយឡែក មន្ត្រីប៉ូលិស៣នាក់ ក៏ត្រូវបានចោទប្រកាន់ពីបទល្មើសដូចគ្នា ហើយសំណុំរឿងរបស់ពួកគេនឹងត្រូវសម្រេចនៅពេលក្រោយ៕