Real Madrid និយាយថាពួកគេនឹងគាំទ្រការចោទប្រកាន់ពីបទពុករលួយ ដែលបានចោទ Barcelona ថាបានប្រព្រឹត្តដោយបានផ្ដល់សំណូកទៅឱ្យអនុប្រធាននៃគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ប្រទេសអេស្ប៉ាញ។
កាលពីថ្ងៃសុក្រ តុលាការបានបើកសវនាការជំនុំជម្រះក្ដីរបស់ក្រុម Barcelona ពីបទពុករលួយ ការរំលោភលើទំនុកចិត្ត និងការក្លែងបន្លំកំណត់ត្រាអាជីវកម្ម។
ព្រះរាជអាជ្ញាបានចោទប្រកាន់ Barca ថាបានបង់ប្រាក់ ៨,៤ លានអឺរ៉ូ ទៅឱ្យលោក Jose Maria Enriquez Negreira និងក្រុមហ៊ុនរបស់គាត់ ប៉ុន្តែ Barcelona បានបដិសេធរាល់ការប្រព្រឹត្តទាំងឡាយ។ ប៉ុន្តែក្លិបអ្នកមានបុណ្យ បានអះអាងថា ខ្លួនបានបង់ប្រាក់ជូនដល់ក្រុមហ៊ុន Dasnil 95 ដែលខ្លួនអះអាងថាជាអ្នកប្រឹក្សាបច្ចេកទេសខាងក្រៅ ដើម្បីចងក្រងរបាយការណ៍អំពីវីដេអូទាក់ទងនឹងអាជ្ញាកណ្តាល។
អតីតប្រធានក្លិបលោក Josep Maria Bartomeu និង Sandro Rosell ក៏ដូចជា Negreira ក៏ត្រូវបានចោទប្រកាន់ជាមួយក្លិបផងដែរ។
Real Madrid បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមួយកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីបញ្ហានេះដោយបង្ហាញពីជំហររបស់ពួកគេ ហើយថានឹងបង្ហាញខ្លួននៅសវនាការ នៅពេលចៅក្រមបើកឱ្យភាគីដែលរងផលប៉ះពាល់ចូលរួម៕