រដ្ឋអាជ្ញាស្វីសបានបិទបញ្ចប់ការស៊ើបអង្កេតលើលោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ជុំវិញការប្រើប្រាស់យន្តហោះឯកជន អំឡុងឆ្នាំ ២០១៧។
លោក Infantino ត្រូវទទួលការស៊ើបអង្កេត គ្រាដែលលោកបានជួលយន្តហោះឯកជនកាលពីឆ្នាំ២០១៧ ដើម្បីធ្វើដំណើរពីប្រទេសសូរីណាម ទៅកាន់ប្រទេសស្វីស។
ព្រះរាជអាជ្ញាលោក Stefan Keller បានអំពាវនាវឱ្យមានការស៊ើបអង្កេតនេះឡើង ខណៈការស៊ើបអង្កេតនោះទៀតសោត បានចាត់ចូលជាការស៊ើបអង្កេតបែបឧក្រិដ្ឋកម្ម។
យ៉ាងណា ក្រោយការស៊ើបអង្កេតកន្លងមក មិនបានរកឃើញកំហុសឆ្គង ទើបរដ្ឋអាជ្ញាស្វីស បានទម្លាក់ចោលការចោទប្រកាន់ទៅលើលោក Infantino។
បន្ទាប់ពីដំណឹងនៃការទម្លាក់ចោលការស៊ើបអង្កេតនេះ FIFA បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ចំពោះការសម្រេចចិត្តនិងបានពន្យល់បកស្រាយទាក់ទងនឹងរឿងនេះបន្ថែមផងដែរ។
សម្រាប់ការបញ្ចប់បញ្ហានេះ ប្រធាន FIFA លោក Infantino ក៏បានសម្រេចចិត្តលះបង់ការទាមទារសំណងណាមួយសម្រាប់ការខូចខាត ដោយលោកគ្រាន់តែទាមទារសម្រាប់ការចំណាយលើផ្លូវច្បាប់ក្នុងរឿងនេះតែប៉ុណ្ណោះ៕