ការប្រកួត FIFA World Cup 2026 នឹងមានការប្រកួតកើនឡើងដល់ទៅ ១០៤ប្រកួតលើកដំបូងខុសពីទម្រង់ការប្រកួតចាស់ ដែលមានត្រឹម ៦៤ប្រកួត ស្របតាមការកើនឡើងដល់ ៤៨ក្រុម សម្រាប់ការប្រកួតនេះ។
កំណែទម្រង់ថ្មីសម្រាប់ការប្រកួតក្នុងឆ្នាំ ២០២៦ ដែលមានសហម្ចាស់ផ្ទះ អាមេរិក, កាណាដា និងម៉ិកស៊ិក នឹងក្លាយជាការប្រកួតដំបូងក្នុងប្រវត្តិសាស្ត្រដែលមានក្រុមចូលរួមកើនឡើងដល់ ៤៨ក្រុម។
ទម្រង់ថ្មីនេះក៏នឹងចាប់ពូលក្រុមនីមួយៗ ដូចទៅការប្រកួតពីមុនៗមកដែរ ដោយ ១ពូល មានចំនួន ៤ក្រុមបញ្ចូលគ្នា ចែកចេញជា ១២ពូល។ គម្រោងដំបូងរបស់ FIFA គឺបែងចែក ១៦ពូលមាន ៣ក្រុម ប៉ុន្តែពួកគេ មានការព្រួយបារម្ភអំពីការគប់គិតខុសច្បាប់ ទើបសម្រេចលុបចោលទម្រង់លេងក្នុងពូលថ្មីនេះ។
គម្រោងដើមមួយទៀតសម្រាប់ឆ្នាំ ២០២៦ នឹងត្រូវមានត្រឹម៨០ប្រកួត ប៉ុន្តែការសម្រេចចិត្តចុងក្រោយបានបង្កើនចំនួនប្រកួតទៅដល់ ១០៤ប្រកួត ត្រូវបានអនុម័តដោយក្រុមប្រឹក្សា FIFA។
ការប្រកួតកន្លងមក ក្រុមកំពូលលេខ ១ និងលេខ ២ ពីពូលនីមួយៗឈ្នះកៅអីឡើងវគ្គជម្រុះ ១៦ក្រុមចុងក្រោយ។ តែក្នុងឆ្នាំ ២០២៦ ក្រុមលេខ ១ និងលេខ២ ពីពូលនីមួយៗនឹងឈ្នះកៅអីឡើងវគ្គបន្តដដែល ដោយក្នុងនោះ នឹងមានការជ្រើសរើសក្រុមលេខ ៣ល្អចំនួន ៨ក្រុម ដើម្បីបន្ថែមគ្រប់ចំនួន ក្រុមទៅកាន់វគ្គជម្រុះ ៣២ក្រុម។
កំណែទម្រង់ World Cup ដែលមានក្រុមចំនួន ៣២ក្រុម បានកែប្រែដំបូងតាំងពីឆ្នាំ ១៩៩៨ ដែលកាលនោះបារាំងជាម្ចាស់ផ្ទះ ដោយបែងចែកជា ៨ពូលមាន ក្នុងមួយពូល មាន៤ក្រុម ។ ចំណែកក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ត្រូវលេង៧ប្រកួត ។ ប៉ុន្តែក្នុងឆ្នាំ ២០២៦ ក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រនឹងមានចំនួនប្រកួតសរុប ៨ប្រកួត។
World Cup 2022 ក្នុងប្រទេសកាតា ការប្រកួតប្រើប្រាស់ទម្រង់ចាស់ដែលមាន ៣២ក្រុម និងការប្រកួតសរុបចំនួន ៦៤លើក ក្នុងរយៈពេល ២៩ថ្ងៃ។
គួរបញ្ជាក់ថា World Cup 2026 នៅអាមេរិក កាណាដា និងម៉ិកស៊ិក ដោយប្រទេសកាណាដា ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈអាមេរិកជាលើកទីពីរចាប់ពីឆ្នាំ ១៩៩៤ និងម៉ិកស៊ិកក៏ជាលើកទីពីរចាប់តាំងពីឆ្នាំ ១៩៨៦៕