Arsenal បានបញ្ចប់ភារកិច្ចនៅក្នុងក្របខណ្ឌ UEFA Europa League ក្រោយចាញ់ Sporting Lisbon នៅក្នុងជើងទីពីរ វគ្គ១៦ក្រុមចុងក្រោយ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងលទ្ធផល ៥-៣ ក្រោយលទ្ធផលស្មើគ្នា ១-១ ក្នុង១២០នាទី។
ក្នុងការប្រកួតនៅកីឡដ្ឋាន Emirates ក្រុមកាំភ្លើងធំ Arsenal បាននាំមុខតាមរយៈការទាត់បញ្ចូលទីរបស់ Granit Xhaka នៅក្នុងនាទីទី១៩ ប៉ុន្តែក្រុមភ្ញៀវ Sporting បានវាយបកបាន១គ្រាប់មកវិញពី Pereira Goncalves នៅនាទីទី៦២។ ដោយសារជើងទីមួយ ក្រុមទាំងពីរ បញ្ចប់ទៅដោយលទ្ធផល ២-២ ដូច្នេះត្រូវបន្ថែម ១៥នាទីពីរដង ដែលក្រុមទាំងពីរនៅតែមិនអាចរកគ្រាប់បាល់បានឡើយ។
នៅទីបំផុត ការទាត់បាល់ប៉េណាល់ទី លើកទី៤ របស់ Gabriel Martinelli ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Adan ខណៈ Sporting ទាត់បញ្ចូលទីបានសម្រេចទាំង ៥គ្រាប់។
ក្រោយធ្លាក់ចេញពី Europa Leage អ្នកចាត់ការទូទៅ Mikel Arteta បានចាត់ទុកការបរាជ័យក្រោមថ្វីជើងរបស់ Sporting Liston ថាជាការខកបំណងយ៉ាងខ្លាំងសម្រាប់ Arsenal ដែលពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រកួតទាំងពីរជើង។ ប៉ុន្តែពួកគេនឹងផ្ដោតលើការប្រកួតបន្ទាប់ជាមួយ Crystal Palace នៅក្របខណ្ឌ Premier League ៕