លោក Gianni Infantino ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន FIFA សាជាថ្មី ក្នុងអំឡុងពេលសមាជលើកទី ៧៣ នៅទីក្រុង Kigali ប្រទេស Rwanda ដោយសន្យាថានឹងរកប្រាក់ចំណូលបានច្រើនបំផុតក្នុងរង្វង់រយៈពេល៤ឆ្នាំបន្ទាប់ គឺប្រមាណ១១ពាន់លានដុល្លារ ខណៈដែលលោកបានអំពាវនាវអោយមានការលេងបាល់ទាត់បន្ថែមទៀតនៅជុំវិញពិភពលោក។
បុរសជនជាតិស្វីសវ័យ៥២ឆ្នាំបានជាប់ឆ្នោតដោយមិនមានការជំទាស់ ទោះបីជារូបលោកមិនមានប្រជាប្រិយភាពជាសកលក្នុងចំណោមសមាជិកមួយចំនួន ដោយសារហេតុផលជាច្រើន ក្នុងនោះរួមមានទាំងការជំរុញអោយមានផែនការលេង World Cup រៀងរាល់ពីរឆ្នាំម្តង។
ក្រោយជាប់ឆ្នោតជាប្រធាន FIFA ម្តងទៀត លោក Infantino បានបញ្ជាក់ពីប្រាក់ចំណូលរបស់ សហព័ន្ធបាល់ទាត់ពិភពលោកមួយនេះបានឈានដល់កម្រិតកំណត់ត្រាអំឡុងឆ្នាំ២០១៩-២២ ហើយលោកបានសន្យាថា នឹងព្យាយាមបង្កើនប្រាក់ចំណូលរបស់សហព័ន្ធ រួមទាំងការបង្កើនប្រជាប្រិយភាពនៃការប្រកួតបាល់ទាត់ពិភពលោក ទាំងផ្នែកបុរស និងនារី។
សូមបញ្ជាក់ថា លោក Gianni Infantino ត្រូវបានជាប់ឆ្នោតជាប្រធាន FIFA លើកដំបូងនៅក្នុងសមាជវិសាមញ្ញ ឆ្នាំ ២០១៦ បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Sepp Blatter ដោយលោក បានរក្សាតំណែងដោយមិនមានការជំទាស់បីឆ្នាំក្រោយមក។
ការជាប់ឆ្នោតលើកនេះអាចរាប់ថាជាអាណត្តិទី២របស់លោក Infantino ហើយដូច្នេះលោកអាចនឹងមានអាណត្តិទីបី ក្នុងរយៈពេលបួនឆ្នាំបន្ទាប់ទៀត៕