×

គ្រូ Man UTD បង្ហាញការពេញចិត្ត Marcus Rashford ក្រោយស៊ុតយកឈ្នះ Real Betis នៅ UEFA Europa League សាជាថ្មី

លោក Eric ten Hag បានបង្ហាញការពេញចិត្តចំពោះខ្សែប្រយុទ្ធ Marcus Rashford កាន់តែខ្លាំងបន្ទាប់ពីរូបគេបានស៊ុតបញ្ចូលទីដើម្បីជួយ Man UTD យកឈ្នះ Real Betis នៅក្នុងការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League។

ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Benito Villamarín នេះគឺក្រុមទាំងសងខាងមិនអាចរកគ្រាប់បាល់ពីសំណាញ់ទីគ្នាបានទេ នៅក្នុងវគ្គទី១។

យ៉ាងណា ចូលមកដល់វគ្គទី២ នាទី៥៦ Marcus Rashford បានក្តាប់ឱកាសល្អ ដើម្បីទាត់បញ្ចូលទីបានសម្រេចផ្តល់ការនាំមុខមកអោយ Man UTD។ ការប្រកួតនៅតែដំណើរការជាធម្មតា ដោយកីឡាករទាំងអស់ព្យាយាមរៀងខ្លួនដើម្បីស៊ុតគ្រាប់បាល់ជាបន្ត ប៉ុន្តែមិនមានក្រុមណាអាចធ្វើបានសម្រេចទៀតទេ។ លទ្ធផល ១-០ ក៏បន្តដល់ចប់ការប្រកួត។

សម្រាប់ការរកគ្រាប់បាល់បញ្ចូលទីរបស់ Marcus Rashford ដែលជាគ្រាប់បាល់តែ១គ្រាប់ធ្វើអោយក្រុមបិសាចក្រហមបានទទួលជ័យជំនះនោះ ធ្វើអោយ គ្រូបង្វឹកលោក Eric ten Hag មានភាពរីករាយយ៉ាងខ្លាំង។

លោក Eric ten Hag បាននិយាយកោតសរសើរ Rashford ក្រោយចប់ការប្រកួតយ៉ាងដូច្នេះថា “អំពីការលេងជាក្រុម និងទម្រង់លេងរបស់ Rashford សុទ្ធតែល្អ។ ប្រសិនបើ Rashford អាចរក្សា ការផ្តោតអារម្មណ៍ និងមានថាមពល របៀបដែលយើងលេង និងវិធីដែលគេត្រូវលេងនៅក្នុងប្រព័ន្ធនេះ នោះរូបគេនឹងកាន់តែធ្វើបានល្អ ហើយសមត្ថភាពបញ្ចប់ទីរបស់គេនឹងកាន់តែអស្ចារ្យ។”

សូមបញ្ជាក់ថា កាលពីជើងទី១ Man UTD បានឈ្នះ Real Betis ដោយលទ្ធផល ៤-១ បូករួមលទ្ធផលជើងទី២នេះទៀតគឺ Man UTD ឈ្នះ Real Betis ៥-១។ ដូច្នេះ ក្រុមបិសាចក្រហមគឺជាក្រុមដែលនឹងត្រូវបន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង