ក្រុមកាំភ្លើងធំ Arsenal នឹងបើកទ្វារកីឡដ្ឋាន Emirates ស្វាគមន៍ Crystal Palace ដែលទើបតែបញ្ចប់តំណែងរបស់អ្នកចាត់ការទូទៅរបស់ពួកគេ ខណៈការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ៩យប់នេះតទៅ។
លោក Patrick Vieira អ្នកចាត់ការទូទៅរបស់ Crystal Palace ត្រូវបានបញ្ចប់តំណែងមុនការធ្វើដំណើរទៅកាន់ទឹកដីរបស់ Arsenal នៅយប់នេះ។
អតីតប្រធានក្រុមកាំភ្លើងធំរូបនេះ ត្រូវបានបណ្ដេញចេញ បន្ទាប់ពីក្រុមមិនស្គាល់ពាក្យថាឈ្នះក្នុង ១២ ប្រកួតជាប់ៗគ្នា។
ចំណែក Arsenal កំពុងតែនាំមុខនៅលើកំពូលតារាង ប៉ុន្តែពួកគេទើបតែត្រឡប់ពីការបរាជ័យក្រោមថ្វីជើងរបស់ Sporting Lisbon កាលពីពាក់កណ្ដាលសប្ដាហ៍នេះ ខណៈក្រុមរបស់លោក Mikel Arteta បានធ្លាក់ចេញពីក្របខណ្ឌ Europa League នៅវគ្គ១៦ក្រុមចុងក្រោយ។
Takehiro Tomiyasu បានរងរបួសធ្ងន់ធ្ងរ កាលពីជួបជាមួយ Sporting ដែលអាចធ្វើឱ្យខ្សែការពារខាងស្តាំរូបនេះត្រូវអវត្តមានរយៈពេលយូរ ខណៈ William Saliba ស្ថិតក្នុងភាពមន្ទិលសង្ស័យសម្រាប់ការប្រកួតយប់នេះ។ Eddie Nketiah និង Mohamed Elneny នៅតែអវត្តមានសម្រាប់ Arsenal ។
Albert Sambi Lokonga, Vicente Guaita និង Sam Johnstone គឺជាកីឡាករដែលស្ថិតក្នុងបញ្ជីអវត្តមានរបស់ Crystal Palace សម្រាប់ការប្រកួតទល់នឹងក្រុមកាំភ្លើងធំ។
ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយក្នុងលីគ គឺ Arsenal បានយកឈ្នះ ២ដង ស្មើ ២ដង និងចាញ់១ដង។ ប្រកួតចុងក្រោយបញ្ចប់ទៅដោយលទ្ធផល ២-០ សម្រាប់ជ័យជម្នះរបស់ក្រុមកាំភ្លើងធំ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Ramsdale; White, Holding, Gabriel, Zinchenko; Partey, Odegaard, Xhaka; Saka, Trossard, Martinelli
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Crystal Palace ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Whitworth; Clyne, Andersen, Guehi, Mitchell; Hughes, Doucoure, Schlupp; Olise, Edouard, Zaha
CBS Sports ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Arsenal ២-០ Crystal Palace ៕