×

ក្រុមក្រសួងសាធារណការនិងដឹកជញ្ជូន ក្លាយជាជើងឯកពានរង្វាន់បាល់ទាត់អន្តរក្រសួងលើកទី៨

ឆ្លងកាត់ការប្រកួតរយៈពេលជិត៤ខែកន្លងមក ទីបំផុតការប្រកួតកីឡាបាល់ទាត់ អន្តរក្រសួងលើកទី៨ រកឃើញជើងឯកហើយ គឺក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយយកឈ្នះក្រុមក្រសួងសុខាភិបាល ក្នុងលទ្ធផល៤ទល់ ៣ នាថ្ងៃប្រកួតផ្តាច់ព្រ័ត្រ កាលពីចុងសប្តាហ៍នេះ។




រីឯចំណាត់ថ្នាក់លេខ៣ គឺបានទៅក្រុមសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា យកឈ្នះក្រុម ក្រសួងបរិស្ថាន ក្នុងលទ្ធផល២ទល់

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួតក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និង កោតសរសើរដោយស្មោះដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដៃគូសហការឧបត្តម្ភ ក្នុងកិច្ចសហការរៀបចំ ដែលធ្វើឱ្យព្រឹត្តការណ៍មួយនេះបញ្ចប់ដោយភាពជោគជ័យ។ ទោះអាក់ខានរៀបចំប្រមាណ២ឆ្នាំចុងក្រោយនេះ ដោយសារបញ្ហាកូវីដ១៩ក៏ពិតមែន ប៉ុន្តែសម្រាប់ការរៀបចំឆ្នាំនេះ នៅតែបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់កីឡាករ ពីក្រសួងស្ថាប័ននានាផងដែរ។

ឯកឧត្តមបន្តថា ក្នុងបុព្វហេតុរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវឌ្ឍនភាពកម្ពុជាក្នុងព្រឹត្តការណ៍ និងសកម្មភាពសំខាន់ៗដែលយើងបានធ្វើកន្លងមក មានពាក់ព័ន្ធទាំងវិស័យអប់រំ ការងារសង្គមនិងស្មគ្រ័ចិត្ត ការលើកតម្កើងវប្បធម៌ប្រវត្តិសាស្រ្ត នៃការប្រឹងប្រែងសាមគ្គីភាព ជាមួយស្ថាប័នជាតិ និងអន្តរជាតិ រួមទាំងវិស័យកីឡាផងដែរ។

សម្រាប់ប្រាក់រង្វាន់ជយលាភីក្រុមជើងឯក ទទួលបាន ២លានរៀល ខណៈជើងឯករង ១លាន៥សែនរៀល ចំពោះក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានថវិការលើកទឹកចិត្ត ១លានរៀល។ បន្ថែមពីនោះ ក៏មានពានរង្វាន់ផ្សេងៗទៀត ដូចជា ក្រុម Fair play , ក្រុមមានឯកសណ្ធានល្អជាងគេ , ក្រុមអាជ្ញាកណ្តាលល្អជើងគេ , គ្រូបង្ហាត់ល្អជាងគេ ,ស្បែកជើងមាស និងស្រោមដៃមាស ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតលើកទី៨ នេះ គឺមានក្រុមចូលរួមចំនួន ៣០ក្រុម ដោយមានកីឡាករចំនួន ៧៥០រូប ស្មើនឹង៥៨ប្រកួតដោយធ្វើការប្រកួតតាមរូបមន្តនៃការប្រកួត ចែកជា៨ពូល (A-H) ដោយក្នុង១ពូលមាន៤ក្រុម ខណៈពូលចុងក្រោយគេគឺពូល G & H មានតែ៣ក្រុមប៉ុណ្ណោះ ហើយក្នុង១ពូលគឺយកតែ២ ក្រុមឡើងទៅវគ្គបន្ត។

សូមរំលឹកដែរថា បន្ទាប់ពីខកខានអស់រយ:ពេល២ឆ្នាំ នៅឆ្នាំ២០២០២១ នៅឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជន កម្ពុជា (...) បានរៀបចំការប្រកួតពានរង្វាន់កីឡាបាល់ទាត់ មិត្តភាពយុវជនអន្តរក្រសួងស្ថាប័ន លើកទី៨ ឆ្នាំ២០២២ ឡើងវិញក្នុងគោលបំណង ដើម្បីបង្កើនស្មារតីសាមគ្គីភាព មិត្តភាព ពង្រីង និងពង្រឹកកិច្ចសហប្រតិបត្តិការរវាងមន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័ន ជាពិសេសជំរុញនិងបំផុសស្មារតីស្រលាញ់ចូលចិត្ត និងលេងកីឡា ដើម្បីសុខភាព។ លើសពីនេះទៅទៀត កម្មវិធីនេះក៏បានបង្ហាញឱ្យឃើញពីចលនាចូលរួមជាមួយកម្មវិធី Beyond The Games ក្នុងឆន្ទៈគាំទ្រនិងអបអរសាទរ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ ក្រោមពាក្យស្លោក កីឡាក្នុងសន្តិភាព៕



អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង