លោក Marco Silva អ្នកចាត់ការរបស់ក្រុម Fulham បាននិយាយថា ខ្សែប្រយុទ្ធ Aleksandar Mitrovic បានប្រព្រឹត្តខុសសម្រាប់ការរុញអាជ្ញាកណ្តាល Chris Kavanagh នៅកីឡដ្ឋាន Old Trafford ប៉ុន្តែរូបគេមិនសមនឹងទទួលការពិន័យមិនឱ្យចូលលេងរយៈពេលយូរនោះទេ។
Mitrovic, Willian និងលោក Silva ត្រូវបានពិន័យកាតក្រហម បន្ទាប់ពីភាពចម្រូងចម្រាសក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ FA Cup ដែលបានចាញ់ក្រុម Manchester United ដោយលទ្ធផល ៣-១ ។
បន្ទាប់ពី Fulham បាននាំមុខ ១-០ ខ្សែបម្រើ Willian បានយកដៃប៉ះបាល់ដែលអាចនឹងចូលពីការទាត់របស់ Jadon Sancho ដែលបានបង្កឱ្យអាជ្ញាកណ្ដាលពិនិត្យ VAR និងឈានដល់ការពិន័យកាតក្រហម៣ទៅលើ Fulham ។
លោក Silva បាននិយាយថា គាត់ត្រូវបានបណ្តេញចេញ សម្រាប់ការចាកចេញពីតំបន់បច្ចេកទេសរបស់គាត់។ ប៉ុន្តែគ្រូបង្វឹក Fulham បានទទួលស្គាល់ថា គាត់បានស្រែកដាក់អាជ្ញាកណ្ដាល។
Willian ត្រូវបានបណ្តេញចេញដោយសារចេតនាប៉ះបាល់ ខណៈ Mitrovic ត្រូវបានបណ្ដេញចេញដោយសាររុញអាជ្ញាកណ្ដាល Kavanagh ។
សូមជម្រាបថា កាលពីឆ្នាំ១៩៩៨ ការពិន័យស្រដៀងគ្នាបានកើតឡើងចំពោះកីឡាករ Paolo Di Canio បន្ទាប់ពីរុញអាជ្ញាកណ្ដាល។ ជាលទ្ធផល កីឡាករត្រូវបានពិន័យ១១ប្រកួត៕