លោក Didier Deschamps គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានចេញមុខបដិសេធមិនឆ្លើយឆ្លងរឿងរ៉ាវទំនាស់ជាមួយខ្សែប្រយុទ្ធ Karim Benzema នោះទេ ខណៈអ្នកទាំងពីរ មានញ្ហាជម្លោះនឹងគ្នាបន្ទាប់ពី World Cup 2022 នៅប្រទេសកាតា បានបញ្ចប់។
លោក Deschamps បានបាត់បង់ Benzema នៅព្រឹត្តិការណ៍ World Cup 2022 ក្រោមហេតុផលរបួសសាច់ដុំភ្លៅអំឡុងហ្វឹកហាត់។ បន្ទាប់ពីមានបញ្ហារបួស Benzema ក៏បានចាកចេញពីក្រុមជម្រើសជាតិតែម្តង។ ទោះត្រូវប្រកាសថាមានបញ្ហារបួសតែកីឡាករវ័យ៣៥ឆ្នាំបែរជា វិលចូលហ្វឹកហាត់ជាមួយក្លិប Real Madrid ទៅវិញ។ ក្រោយចប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ Benzema ក៏បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង។
កាលពីដើមខែមីនា លោក Deschamps បាននិយាយថា បន្ទាប់ពី Benzema បានពិនិត្យរបួសរួចមកគឺមានបញ្ហាមិនអាចឱ្យគេលេងបាន ហើយ Benzema បានចាកចេញពីសណ្ឋាគារដែលក្រុមស្នាក់នៅ នៅពាក់កណ្តាលយប់បន្ទាប់ពីការពិនិត្យរួច។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Deschamps នេះ Benzema បានចោទប្រកាន់ លោក Deschamps ថា និយាយកុហក និងគ្មានភាពក្លាហានក្នុងការនិយាយការពិត។
យ៉ាងណា ជុំវិញរឿងនេះ លោក Deschamps បានបដិសេធមិននិយាយបកស្រាយបន្ថែមទៀតឡើយចំពោះរឿងអាស្រូវជាមួយ Benzema។
លោក Dechamps បាននិយាយថា៖ “ខ្ញុំមិនមែនមនុស្សស្ថិតនៅក្នុងភាពចម្រូងចម្រាសទេ ខ្ញុំត្រូវនិយាយអ្វីដែលជាការពិត និងដែលបានកើតឡើង ប៉ុន្តែមកដល់ពេលនេះវាគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះសម្រាប់ខ្ញុំ។”
ដោយឡែក ក្រុមជម្រើសជាតិបារាំង នឹងត្រូវជួបប្រកួតជាមួយក្រុមហូឡង់វគ្គជម្រុះពានរង្វាន់ Euro 2024 នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ៕