ក្លិបបាល់ទាត់ PSV Eindhoven នៅលីគកំពូលហូឡង់ បានដាក់បម្រាមអ្នកគាំទ្រខ្លួនម្នាក់មិនឱ្យចូលទីលានរយៈពេល ៤០ឆ្នាំ ក្រោយរកឃើញថាប្រព្រឹត្តខុសដោយបានវាយអ្នកចាំទី Marko Dmitrovic របស់ Sevilla អំឡុងការប្រកួត Play-off ពានរង្វាន់ UEFA Europa League។
បុរសវ័យ២០ឆ្នាំ ដែលប្រព្រឹត្តកំហុសនោះ បានប្រើប្រាស់សំបុត្ររបស់មិត្តភក្កិ ដើម្បីអាចចូលទស្សនាការប្រកួតរវាង PSV និង Sevilla។
ហេតុការណ៍ដែលកើតឡើងកាលពីខែកុម្ភៈនាជំនួបជើងទី១វគ្គជម្រុះ Play-Off រវាង PSV និង Sevilla បុរសរូបនោះបានរត់ចូលទីលានសំដៅទៅ Dmitrovic ហើយបានវាយមុខគេ។ យ៉ាងណា Dmitrovic បានចាប់ជនបង្កហេតុប្រគល់ខ្លួនឱ្យក្រុមមន្ត្រីការពារសន្តិសុខ។ បន្ទាប់ពីការប្រកាសហាមឃាត់រួច បុរសរូបនោះក៏ត្រូវបានកាត់ទោស ឃុំខ្លួនរយៈពេល ៣ខែផងដែរ។
ក្រោយឧបទ្ទវហេតុកើតឡើងក្លិប PSV អាចនឹងរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ថែមទៀត។ ការប្រកួតវគ្គជម្រុះ Play-off នោះ Sevilla រងបរាជ័យក្រោមថ្វីជើង PSV លទ្ធផល ២-០ ដែលជាការប្រកួតជើងទីពីរ ប៉ុន្តែទោះជាយ៉ាងណា Sevilla នៅតែបន្តដំណើរឡើងវគ្គបន្ទាប់ ដោយសារការប្រកួតកាលពីជើងទីមួយ នាទឹកដីអេស្ប៉ាញ Sevilla បានយកឈ្នះដោយលទ្ធផល ៣-០។
មកដល់ពេលនេះ Sevilla ក៏ជាក្រុមមួយបានឈាងជើងឡើងដល់វគ្គ ៨ក្រុងចុងក្រោយ Europa League ហើយដោយការប្រកួតបន្ទាប់របស់ពួកគេត្រូវជួប Manchester United៕