×

Kevin de Bruyne ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិក

បែលហ្ស៊ិក បានបញ្ជាក់ថា Kevin De Bruyne នឹងធ្វើជាប្រធានក្រុមថ្មីរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក មុនការប្រកួតវគ្គជម្រុះ Euro 2024


ខ្សែបម្រើ Eden Hazard បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីបែលហ្ស៊ិកធ្លាក់ចេញពី World Cup 2022 នៅប្រទេសកាតា ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Roberto Martinez

លោក Domenico Tedescoបានទទួលភារកិច្ចបន្តដើម្បីជ្រើសរើសប្រធានក្រុមថ្មីសម្រាប់ក្រុមបែលហ្ស៊ិក។ អ្នកចាត់ការវ័យ ៣៧ ឆ្នាំរូបនេះ បានបញ្ជាក់ថា De Bruyne ជាប្រធានក្រុមថ្មី នៅមុនយុទ្ធនាការជម្រុះ Euro 2024 របស់ពួកគេ ដោយតារាឆ្នើមរបស់ក្លិប Manchester City រូបនេះលេងបាន ៩៧ប្រកួតសម្រាប់ប្រទេសរបស់គាត់ និងរកបាន ២៥ គ្រាប់។

De Bruyne បានប្រាប់ទូរទស្សន៍មួយថា៖ វាជាកិត្តិយសសម្រាប់ខ្ញុំដែលត្រូវបានជ្រើសរើស និងតំណាងឱ្យប្រទេសនេះ

ខ្ញុំមានអាយុជិត ៣២ ឆ្នាំហើយ។ ខ្ញុំមិនធ្លាប់គិតដល់ការចូលនិវត្តន៍ពីក្រុមជម្រើសជាតិទេ។ ខ្ញុំគិតថាខ្ញុំនៅតែអាចបង្កើតសមិទ្ធផលមួយសម្រាប់ក្រុម និងជួយណែនាំកីឡាករវ័យក្មេង

បែលហ្ស៊ិក ស្ថិតក្នុងពូល F នៅក្នុងវគ្គជម្រុះ Euro 2024 ដោយនឹងត្រូវជួបជាមួយស៊ុយអែត នៅថ្ងៃទី២៥ ខែមីនា មុននឹងទៅប៉ះជាមួយអាល្លឺម៉ង់ នៅថ្ងៃទី២៩ ខែមីនា៕



អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង