លោក Gareth Southgate បាននិយាយថា ប្រវត្តិសាស្ត្រគឺជារឿងដែលបានកន្លងហួសទៅហើយ ខណៈអង់គ្លេស នឹងទៅសួរសុខទុក្ខក្រុមអ៊ីតាលី នៅក្នុងការប្រកួតបើកឆាក វគ្គជម្រុះ UEFA Euro 2024 នារាត្រីនេះ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ២:៤៥ រំលងអធ្រាត្រតទៅ។
អង់គ្លេស ត្រូវជួបជាមួយក្រុមរបស់លោក Roberto Mancini ក្នុងទីក្រុង Naplesប្រទេសអ៊ីតាលី ក្នុងការប្រកួតអន្តរជាតិលើកដំបូងរបស់ពួកគេ ចាប់តាំងពីការធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup នៅវគ្គ ៨ ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ក្រុមជើងឯករងបារាំង។
ក្រុមតោកំណាចអង់គ្លេស មិនធ្លាប់យកឈ្នះក្រុម Azzurri ក្នុងទឹកដីនៃប្រទេសអ៊ីតាលីទេ ចាប់តាំងពីការឈ្នះក្នុងការប្រកួតមិត្តភាពមួយកាលពី៦២ឆ្នាំមុន ដោយលទ្ធផល ៣–២ ។ អង់គ្លេសឈ្នះតែ ៥លើកគត់ក្នុងចំណោមការប្រកួត១៣លើករវាងក្រុមទាំងពីរ ត្រឹមឆ្នាំ២០២២។
ទោះជាយ៉ាងណា លោក Southgate បានបង្ហាញពីទំនុកចិត្តក្នុងការដណ្ដើមយកជ័យជម្នះនៅយប់នេះថា៖ “វាជាបញ្ហាដែលពួកយើងត្រូវតែប្រឈមមុខ និងជាការប្រកួតដែលយើងត្រូវតែស្វែងរកជ័យជម្នះមកវិញ។” “ពួកយើងមិនធ្លាប់យកឈ្នះពួកគេនៅទីនេះទេចាប់តាំងពីឆ្នាំ១៩៦១មក ដូច្នេះវាជាប្រវត្តិសាស្ត្រដែលពួកយើងត្រូវតែកែប្រែ”៕