×

លោក Jim Ratcliffe ថា មិនឆោតល្ងង់ខ្ជះខ្ជាយប្រាក់ទិញក្លិប Man UTD

មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ថា មិនខ្ជះខ្ជាយប្រាក់ដោយភាពឆោតល្ងង់ ទិញក្លិប Man UTD ទេ ខណៈកាលបរិច្ឆេទការដេញថ្លៃដំណាក់កាលចុងក្រោយខិតជិតមកដល់។

លោក Ratcliffe ជាបុគ្គលមួយរូបដែលមានឥទ្ធិពលនៅអង់គ្លេស និងជាម្ចាស់ក្រុមហ៊ុន Ineos ហើយលោកបានដាក់ការដេញថ្លៃលើក្លិប Man UTD កាលពីខែកុម្ភៈកន្លងទៅ។

ក្លិប Man UTD ត្រូវបានម្ចាស់បច្ចុប្បន្នគ្រួសារ Glazer សម្រេចចិត្តដាក់លក់កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយលោក Ratcliffe ជាមនុស្សដំបូងដែលបង្ហាញការចាប់អារម្មណ៍។ បន្ទាប់មកការប្រជែងដេញថ្លៃក្លិបនេះក៏មានការចូលរួមជាច្រើនភាគីដែលជាក្រុមហ៊ុនមកពីអាមេរិក និង ព្រះអង្គម្ចាស់ Sheikh Jassim bin Hamad Al Thani ដែលជាម្ចាស់ធនាគាដ៏ធំរបស់ប្រទេសកាតា។

យ៉ាងណា នាកិច្ចសម្ភាសមួយ លោក Ratcliffe បានពណ៌នាពីដំណើរនៃការទិញក្លិប Man UTD ថាគួរតែគិតតម្លៃក្លិបជាទ្រព្យសម្បត្តិសហគមន៍ ជាជាងផ្នែកហិរញ្ញវត្ថុ។ មហាសេដ្ឋីវ័យ៧០ឆ្នាំ ចង់បានន័យថាការចំណាយប្រាក់ដ៏មហិមាដើម្បីទិញក្លិប Man UTD ជាការខ្ជះខ្ជាយសម្រាប់ខ្លួន។

លោក Jim Ratcliffe បាននិយាយបែបនេះ៖ “តម្លៃក្លិបវាមិនទាក់ទងទៅនឹងតម្លៃនៃចំណូលនោះទេ។ អ្វីដែលអ្នកមិនចង់ធ្វើនោះគឺមិនចង់ខ្ជះខ្ជាយប្រាក់ដោយឆោតល្ងង់សម្រាប់របស់អ្វីមួយនោះដែលគ្មានប្រយោជន៍ ហើយអ្នកនឹងស្តាយក្រោយ។”

សម្រាប់ តម្លៃនៃការដេញថ្លៃមិនទាន់ច្បាស់លាស់ ប៉ុន្តែគ្រួសារ Glazer ចង់បានប្រាក់ប្រមាណជាង ៥,៩ពាន់លានផោន បើពួកគេត្រូវលក់ក្លិបរហស្សនាមបិសាចក្រហម ដែលនឹងធ្វើឱ្យវាអាចក្លាយជាតម្លៃបំបែកកំណត់ត្រាពិភពលោក ក្នុងនាមក្លិបកីឡាមានតម្លៃថ្លៃបំផុត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង