
អតីតខែ្សបម្រើ Arsenal និង Real Madrid កីឡាករ Mesut Ozil បានសម្រេចចិត្តចូលនិវត្តន៍ពីពិភពបាល់ទាត់នៅក្នុងវ័យ៣៤ឆ្នាំ។
Ozil បានឈ្នះពានរង្វាន់ចំនួន៩ អំឡុងពេលប្រកបអាជីពក្លិបរបស់គេ ដែលក្នុងនោះក៏មានពានរង្វាន់ La Liga Copa del Rey, Spanish Super Cup និង FA Cup ផងដែរ។
រូបគេក៏ធ្លាប់បានបង្ហាញខ្លួន៩២ដង និង រកគ្រាប់បញ្ចូលទីបាន២៣គ្រាប់ សម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ និងបានជួយក្រុមក្លាយជាជើងឯកពិភពលោកក្នុងឆ្នាំ ២០១៤។
Ozil បានប្រកាសក្នុងគណនីបណ្ដាញសង្គមខ្លួនថា សម្រេចចិត្តចូលនិវត្តន៍ពីការលេងបាល់ទាត់ហើយចាប់ពីពេលនេះតទៅ ដោយរូបគេបានអរគុណក្លិបនានាដែលខ្លួនធ្លាប់លេងអោយកន្លងមក រួមមាន Schalke, Werder Bremen, Real Madrid, Arsenal, Fenerbahce និង Basaksehir។
រូបគេក៏បានថ្លែងអំណរគុណដល់បណ្ដាគ្រូបង្វឹក មិត្តរួមក្រុម និងជាពិសេសអ្នកគាំទ្រ ដែលតែងផ្ដល់កម្លាំងចិត្តតាំងពីដើមមក។
Mesut Ozil មានអាជីពលេងបាល់ទាត់រយៈពេល ១៧ ឆ្នាំ ក្នុងនោះគេលេងអោយក្លិបសរុប ៦៤៥ប្រកួត និងស៊ុតចូល ១១៤ គ្រាប់ ហើយ ចែកបាល់សម្រេចទីចំនួន ២២២ លើក៕
