ក្រុមជម្រើសជាតិបារាំង នឹងចាប់ផ្ដើមយុគសម័យថ្មីរបស់ពួកគេជាមួយនឹងប្រធានក្រុមថ្មី ពោលគឺ Kylian Mbappe នៅពេលពួកគេជួបជាមួយហូឡង់ ពូល B ក្នុងវគ្គជម្រុះ Euro 2024 នាកីឡដ្ឋាន Stade de France នៅយប់នេះ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង FB Page “CBS Sports” ចាប់ពីម៉ោង ២:៤៥ នាទីរំលងអធ្រាត្រតទៅ។
កីឡាករសំខាន់ៗ មានដូចជា Raphael Varane, Karim Benzema និងអតីតប្រធានក្រុម Hugo Lloris បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមមាន់គកបារាំង ដែលធ្វើឱ្យអ្នកចាត់ការ Didier Deschamps ត្រូវកសាងក្រុមឡើងវិញនៅមុនការប្រកួតដ៏សំខាន់នៅឆ្នាំក្រោយ។
បារាំងប្រកួតដំបូងជាមួយ ហូឡង់ដែលបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដោយក្រុមជើងឯកអាហ្សង់ទីនដោយបាល់ប៉េណាល់ទី។
សម្រាប់បារាំង ខ្សែការពារកណ្ដាល William Saliba និង Wesley Fofana បានដកខ្លួនចេញពីក្រុមជម្រើសជាតិបារាំង កាលពីដើមសប្តាហ៍នេះ ដូច្នេះ Ibrahima Konate និង Dayot Upamecano នឹងមានឱកាសលេងចាប់ដៃគូនៅតំបន់ការពារ។ អ្នកចាំទី Mike Maignan របស់ក្លិប AC Milan នឹងជំនួសកន្លែងរបស់ Lloris ដែលចូលនិវត្តន៍។ សម្រាប់តំបន់ប្រយុទ្ធរបស់ក្រុមបារាំង មាន Mbappe, Antoine Griezmann, Kingsley Coman និង Olivier Giroud ។
ក្រុមពណ៌ទឹកក្រូចហូឡង់ បានបាត់បង់ខ្សែបម្រើ Frenkie de Jong ដោយសាររបួស មុនពេលមានការឆ្លងជំងឺក្នុងសមាជិកហូឡង់នៅមុនការប្រកួតជាមួយបារាំង។ Cody Gakpo, Matthijs de Ligt, Sven Botman, Joey Vermeen និង Bart Verbruggen បានចាកចេញដោយសារការឆ្លងជំងឺ ដូច្នេះអ្នកចាត់ការទូទៅ Ronald Koeman បានកោះហៅ Kjell Scherpen, Stefan de Vrij និង Ryan Gravenberch ដើម្បីពង្រឹងក្រុមហូឡង់របស់គាត់។ កីឡាករ Denzel Dumfries ស្ថិតក្នុងក្រុម ប៉ុន្តែបានជាប់បម្រាមសម្រាប់ការប្រកួតនេះ។
ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ គឺបារាំងបានយកឈ្នះ ៤ដង ហើយចាញ់១ដងសម្រាប់ការជួបគ្នាចុងក្រោយបំផុតនៅកម្មវិធី UEFA Nations League ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់បារាំង ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១៖
Maignan; Kounde, Konate, Upamecano, Hernandez; Tchouameni, Rabiot; Coman, Griezmann, Mbappe; Giroud
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ហូឡង់ ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Cillessen; Berghuis, De Vrij, Van Dijk, Ake; Wijnaldum, De Roon, Geertruida; Depay, Weghorst, Malen
ការទស្សន៍ទាយលទ្ធផលនៃការប្រកួតរវាងក្រុមទាំងពីររបស់ CBS Sports គឺ បារាំង ២-០ ហូឡង់៕