Kylian Mbappe បានបញ្ជាក់ថា Antoine Griezmann ដែលជាអនុប្រធានក្រុម បានបង្ហាញការអាក់អន់ចិត្តដែលគាត់មិនត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិបារាំង។
Mbappe បានបង្ហើបយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់ខ្លួនចាប់តាំងពីទទួលបានតួនាទីជាប្រធានក្រុមមាន់គកបារាំង មុនការប្រកួតទល់នឹងក្រុមជម្រើសជាតិហូឡង់ នៅក្នុងពូល B វគ្គជម្រុះ Euro 2024 នៅកីឡដ្ឋាន Stade de France យប់នេះ។
Mbappe បានឱ្យដឹងថា៖ “ខ្ញុំបានប្រាប់គាត់ថា បើជាខ្ញុំ ក៏មានប្រតិកម្មដូចគ្នា”។ “គាត់ប្រហែលជាកីឡាករដ៏សំខាន់បំផុតក្នុងសម័យរបស់លោកគ្រូ Deschamps។ ខ្ញុំមិនមែនជាថ្នាក់លើរបស់គាត់ទេ។ គាត់ និងខ្ញុំនឹងចាប់ដៃគ្នា… ប្រសិនបើគាត់មានអ្វីចង់និយាយទៅកាន់ក្រុម ខ្ញុំនឹងអង្គុយស្តាប់”។
Antoine Griezmann វ័យ ៣២ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់បារាំង ក្នុងឆ្នាំ ២០១៤។ ទោះជាយ៉ាងណា Mbappe វ័យ ២៤ឆ្នាំ ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិបារាំងដើម្បីជំនួសកន្លែងរបស់អតីតអ្នកចាំទី Hugo Lloris ដែលបានចូលនិវត្តន៍កាលពីខែមករា។
Mbappe ដែលលេងឱ្យបារាំងបាន ៦៦ ដង បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំ២០១៨។
ក្រុមជម្រើសជាតិបារាំង នឹងជួបជាមួយហូឡង់ ក្នុងវគ្គជម្រុះ Euro 2024 នាកីឡដ្ឋាន Stade de France នៅយប់នេះ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង FB Page “CBS Sports” ចាប់ពីម៉ោង ២:៤៥ នាទីរំលងអធ្រាត្រតទៅ៕