គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី លោក Roberto Mancini បានទទួលស្គាល់ពីការខកចិត្ត ដែលក្រុមរបស់លោក បានរងបរាជ័យ ក្រោមថ្វីជើងក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតកាលពីយប់មិញ។
ជាការពិត ការប្រកួតដែលធ្វើឡើង នាកីឡដ្ឋាន Armando Maradona ស្ថិតក្នុងទីក្រុង Napoli ក្រុមអ៊ីតាលីត្រូវស្វាគមន៍ក្រុមភ្ញៀវអង់គ្លេសនៅក្នុងការប្រកួតជម្រុះជុំទី១ ពូល C ពានរង្វាន់ UEFA Euro 2024។
អ៊ីតាលីត្រូវបានគូប្រជែងនាំមុខតាំងពីនាទី១៣ ដោយ Declan Rice ហើយចុងវគ្គទី១ នាទី៤៤ ពួកគេក៏របូត១គ្រាប់ទៀតដោយ ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Harry Kane។ គ្រាប់បាល់នេះធ្វើឱ្យ Kane កា្លយជាកីឡាករស៊ុតគ្រាប់បាល់ច្រើនជាងគេរបស់អង់គ្លេសគឺ៥៤ គ្រាប់ វ៉ាហួសកំណត់ត្រារបស់ Wayne Rooney ដែលមាន៥៣គ្រាប់។
មកដល់វគ្គទី២អ៊ីតាលី បានវាយសម្រុកបកទៅវិញ ហើយក៏រកបានគ្រាប់បាល់១គ្រាប់ នៅនាទី៥៦ ស៊ុតបញ្ចូលទីដោយ Mateo Retegui។ នៅនាទី៨០ អង់គ្លេសសល់គ្នាតែ១០នាក់ ក្រោយពី Luke Shaw ទទួលកាតលឿងទី២ស្មើកាតក្រហម ត្រូវបណ្តេញចេញពីទីលាន។ យ៉ាងណា ក្រុមទាំង២ មិនអាចរកគ្រាប់បាល់បានទៀតទេ។ លទ្ធផលចប់ការប្រកួតគឺ អង់គ្លេស ២ អ៊ីតាលី ១។
ក្រោយចប់ការប្រកួត លោក Roberto Mancini បានបង្ហាញពីភាពសោកស្តាយ ដោយថា ក្រុមខ្លួនមានឱកាសច្រើនដង ប៉ុន្តែមិនអាចធ្វើសម្រេចទៅវិញ។
គ្រូបង្វឹកវ័យ ៥៨ឆ្នាំ បានអោយដឹងដូចនេះថា៖ “យើងដឹងថាវាជាការប្រកួតដ៏លំបាក ប៉ុន្តែយើងបានរបូតគ្រាប់បាល់ពីរគ្រាប់។ វគ្គទី១មានភាពតឹងតែង តែយើងបានគ្រប់គ្រងការប្រកួតយ៉ាងល្អនៅវគ្គទី២។ យើងបានព្យាយាមដើម្បីទទួលបានយ៉ាងហោចណាស់លទ្ធផលស្មើ ដែលខ្ញុំគិតថា យើងនឹងអាចយកវាបាន ប៉ុន្តែចុងក្រោយយើងបែរជារបូតឱកាសនោះទៅវិញ។ ខ្ញុំខកចិត្តចំពោះការប្រកួតមួយនេះ ប៉ុន្តែវានៅមានដំណើរផ្លូវវែងឆ្ងាយទៀត។”
ដោយឡែក ការប្រកួត១គូទៀតក្នុងពូល C ជាមួយគ្នានេះដែរ គឺមាសេដូនៀខាងជើងឈ្នះម៉ាល់តា ដោយលទ្ធផល ២-១ ដែរ។
ដូច្នេះអង់គ្លេសនៅឈរកំពូលតារាងមាន ៣ពិន្ទុស្មើមាសេដូនៀខាងជើងដែលនៅលេខ២ ម៉ាល់តា អ៊ីតាលី និង អ៊ុយក្រែនមាន០ពិន្ទុ តែអ៊ុយក្រែនមិនទាន់ឆ្លងកាត់ការប្រកួតនៅឡើយទេ៕