×

Kylian Mbappe ថា មុខតំណែងថ្មីរបស់ខ្លួននឹងបង្រួបបង្រួមជំនាន់ចាស់និងថ្មីនៅក្នុងក្រុមជម្រើសជាតិបារាំង

ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយកាលពីពេលថ្មីៗនេះថា ការងារចម្បងរបស់ខ្លួនបន្ទាប់ពីទទួលបានការតែងតាំងជាប្រធានក្រុមនោះ គឺជាការបង្រួបបង្រួម ជំនាន់ចាស់និងថ្មីនៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិបារាំង។

កីឡាករវ័យ២៤ឆ្នាំ ទើបតែត្រូវបានតែងតាំង ជាប្រធានក្រុមជម្រើសជាតិបារាំង ជំនួសអ្នកចាំទី Hugo Lloris ដែលបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិ កាលពីខែមករា ក្នុងវ័យ៣៦ឆ្នាំ។

មុនឈានដល់ការជ្រើសរើសយក Mbappe នេះដែរ ទាំងសហព័ន្ធបាល់ទាត់បារាំង និង គ្រូបង្វឹកក្រុមបារាំង បានធ្វើការពិចារណា បេក្ខភាពមួយចំនួនដូចជា Antoine Griezmann, Olivier Giroud, Presnel Kimpembe តែចុងក្រោយ លោក Deschamps បានសម្រេចអោយ Mbappe ជាអ្នកស្នងតំណែងពី Hugo Lloris។ រូបគេក៏ត្រូវបានផ្តល់ភារកិច្ចជាពិសេស ដោយលោក Deschamps។

និយាយក្នុងសន្និសិទ្ធសារពត៌មានជាលើកដំបូងក្រោយពីត្រូវបានតែងតាំងជាប្រធានក្រុមបារាំង Kylian Mbappe បានឱ្យដឹងថា៖ “គ្រូបង្វឹកលោក Deschamps បានប្រគល់ភារកិច្ចមួយអោយខ្ញុំ គឺគាត់ចង់អោយខ្ញុំបង្រួបបង្រួម កីឡាករក្នុងក្រុមទាំងអស់ទាំងកីឡាករជំនាស់ចាស់ និងជំនាន់ថ្មី ហើយខ្ញុំគឺជាដំណរភ្ជាប់ក្នុងរឿងនេះ។”

កីឡាកររបស់ក្លិប PSG បានបន្តថា៖ “ការដែលខ្ញុំជាប្រធានក្រុមជម្រើសជាតិនេះ វាជាអ្វីដែលខ្ញុំមិនអាចគេចបាន។ វាជាទំនួលខុសត្រូវថ្មី។ ខ្ញុំនឹងទទួលយក តែខ្ញុំនឹងមិនផ្លាស់ប្តូររបៀបដែលខ្ញុំលេង ប៉ុន្តែប្រហែលជារបៀបដែលខ្ញុំប្រព្រឹត្ត។”

សូមបញ្ជាក់ថា Kylian Mbappe នឹងពាក់ស្លាកប្រធានក្រុមលើកដំបូង ក្នុងការប្រកួតទល់នឹងហូឡង់ នៅវគ្គជម្រុះជុំទី១ពូល B ពានរង្វាន់ UEFA Euro 2024 នាកីឡដ្ឋាន Stade de France នាយប់នេះ។

ការប្រកួតរវាងក្រុមទាំងពីរ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “CBS Sports” ចាប់ពីវេលាម៉ោង ២:៣៥នាទី រំលងអាធ្រាតតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង