×

រុស្ស៊ីធ្វើជាម្ទាស់ផ្ទះប្រកួតបាល់ទាត់ជាលើកដំបូង ក្រោយស្ថាប័នកីឡាអន្តរជាតិដកសិទ្ធិព្រោះឈ្លានពានអ៊ុយក្រែន

អ្នកស្នេហាវិស័យកីឡាបាល់ទាត់ក្នុងប្រទេសរុស្ស៊ី បាននាំគ្នាទៅទស្សនាការប្រកួតបាល់ទាត់ជាលក្ខណៈអន្តរជាតិលើកដំបូងនៅលើទឹកដីរបស់ខ្លួន កាលពីពេលថ្មីៗកន្លងទៅ ក្រោយខកខានអស់រយៈពេលជាច្រើនខែ បន្ទាប់ពីស្ថាប័នកីឡាបាល់ទាត់យូហ្វា (UEFA) របស់សហភាពអឺរ៉ុប ដំណាលគ្នានឹងសមាគមសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិដែលហៅកាត់ថា ហ្វីហ្វា (FIFA) បានដកសិទ្ធិប្រទេសមួយនេះ មិនឱ្យចូលរួមប្រកួតកីឡានៅក្នុងឆាកអន្តរជាតិដោយសារតែបញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។

ក្រុមកីឡាករជម្រើសជាតិរបស់រុស្ស៊ីដែលជាម្ចាស់ផ្ទះ បានប្រកួតគ្នាជាមួយនឹងក្រុមជម្រើសជាតិរបស់អ៊ីរ៉ង់ បានបញ្ចប់ទៅក្នុងលទ្ធផល ២-០ ។ នេះគឺជាមោទនភាពមួយសម្រាប់អ្នកគំាទ្រក្រុមជម្រើសជាតិរុស្ស៊ី ក្រោយពីត្រូវបានកាត់ចេញពីការក្រកួតជើងឯកបាល់ទាត់អឺរ៉ុបកាលពីចុងឆ្នាំ ២០២២ ដោយស្ថាប័នយូហ្វា ។

ពាក់ព័ន្ធនឹងរឿងនេះដែរ សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី ហៅកាត់ថា (RFU) ធ្លាប់បានបង្ហាញបំណងចង់ដកខ្លួនចេញពីស្ថាប័នយូហ្វា និងងាកទៅរកសហព័ន្ធកីឡាបាល់ទាត់អាស៊ីដែលមានសមាជិកចំនួន ៤៧ ប្រទេស សម្រាប់រៀបចំព្រឹត្តការណ៍ប្រកួតបាល់ទាត់ជាលក្ខណៈអន្តរជាតិ។

គួរបញ្ជាក់ថា សកម្មភាពឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនកាលពីដើមឆ្នាំ២០២២ បានបណ្តាលឱ្យបណ្តាសមាគមន៍កីឡាអន្តរជាតិ នាំគ្នាដកសិទ្ធិកីឡាកររបស់រុស្ស៊ីចេញពីការប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ ក្នុងនោះ រាប់បញ្ចូលទាំងការប្រកួតជើងឯកបាល់ទាត់សម្រាប់ស្រ្តី និងប្រភេទកីឡាអត្តពលកម្មជាច្រើនផ្សេងទៀត ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង