×

Kylian Mbappe ថា ខ្លួនមានមហិច្ឆតាក្លាយជាកីឡាករអស្ចារ្យក្នុងយុគសម័យថ្មីបាល់ទាត់របស់បារាំង

ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយកាលពីពេលថ្មីៗនេះថា រូបគេមានមហិច្ឆតា ចង់ក្លាយជាកីឡាករដ៏អស្ចារ្យ ក្នុងយុគសម័យថ្មីក្រុមបាល់ទាត់ជម្រើសជាតិបារាំង។

ជាការពិត អាជីពរបស់ Mbappe ជាមួយក្រុមបារាំង កាន់តែមានភាពល្អប្រសើរឡើងជាលំដាប់ ដោយរូបគេបានទទួលតួនាទីជាប្រធានក្រុមក្នុងវ័យត្រឹមតែ២៤ឆ្នាំ ស្នងតំណែងអ្នកចាំទី Hugo Lloris ដែលបានចូលនិវត្តន៍កាលពីខែមករា។

កាន់តែតំណែងជាប្រធានក្រុមជាលើកដំបូង Mbappe ក៏បានដឹកនាំក្រុមទទួលបានជ័យជម្នះលើហូឡង់ ដោយលទ្ធផល ៤-០ ក្នុងការប្រកួតបើកឆាកវគ្គជម្រុះពូល B ពានរង្វាន់ UEFA Euro 2024 ដោយការប្រកួតនោះរូបគេក៏បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ផងដែរ។

បច្ចុប្បន្ន Mbappe ស៊ុតបញ្ចូលទីបាន៣៨គ្រាប់ ពីការបង្ហាញខ្លួន ៦៧ដង ឈរក្នុងចំណាត់ថ្នាក់លេខ៥ ជាកីឡាករស៊ុតបញ្ចូលទីឱ្យបារាំងបានច្រើនជាងគេ ពីក្រោមវីរបុរសបារាំង Michel Platini ចំនួន៣គ្រាប់ និងពីក្រោម Olivier Giroud ដែលឈរកំពូលតារាងចំនួន១៥គ្រាប់។ យ៉ាងណា ការធ្វើបានល្អជាបន្តបន្ទាប់របស់ខ្លួន ធ្វើឱ្យ Mbappe បង្ហាញមហិច្ឆតា ឡើងឈរជាកីឡាករកំពូលរបស់បារាំង។

កីឡាកររបស់ក្លិប PSG បានឱ្យដឹងដូច្នេះថា៖ “វាជាកិត្តិយសដែលបាននៅពីក្រោយ Michel Platini ប៉ុន្តែគាត់ជាគោលដៅបន្ទាប់ដែលខ្ញុំត្រូវតែទម្លាក់ ហើយនឹងខ្ញុំបន្តដំណើររបស់ខ្ញុំទៅកាន់ចំណាត់ថ្នាក់កំពូល។ ខ្ញុំនឹងប្រឹងប្រែងឱ្យកាន់តែខ្លាំង ព្រោះខ្ញុំមានតួនាទីដែលមានទំនួលខុសត្រូវច្រើន ហើយខ្ញុំនឹងបង្ហាញអ្នករាល់គ្នាថា ពេលនេះវាបានមកដល់យុគសម័យថ្មីដ៏អស្ចារ្យរបស់ក្រុមបាល់ទាត់បារាំងហើយ។”

សូមបញ្ជាក់ថា Kylian Mbappe នឹងបន្តតួនាទីជាប្រធានក្រុមជម្រើសជាតិបារាំង ដើម្បីដឹកនាំក្រុម ប្រកួតទល់នឹងក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់ វគ្គជម្រុះ ជុំទី២ ពូល B ពានរង្វាន់ UEFA Euro 2024។ ជំនួបរវាងក្រុមទាំង២នឹងធ្វើឡើងនាយប់នេះ ដោយមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និង FB Page “CBS Sports” ផងដែរ ចាប់ពីវេលាម៉ោង ១:៣៥នាទី រំលងអាធ្រាត្រតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង