×

គ្រូជម្រើសជាតិអង់គ្លេសកោតសរសើរ Bukayo Saka ក្រោយយកឈ្នះអ៊ុយក្រែនកាលពីយប់មិញ

លោក Gareth Southgate បានធ្វើការកោតសរសើរដល់ខ្សែបម្រើ Bukayo Saka ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានប្រកួតយកឈ្នះលើក្រុមជម្រើសជាតិអ៊ុយក្រែន ក្នុងជុំទី២ ពូល C វគ្គជម្រុះពានរង្វាន់ UEFA Euro 2024 កាលពីយប់មិញ។

ការប្រកួតនាទីលាន Wembley ក្រុមអង់គ្លេសបានរក្សាទម្រង់លេងល្អរបស់ខ្លួនដូចកាលពីប្រកួតយកឈ្នះនៅទឹកដីអ៊ីតាលីជាលើកដំបូងតាំងពីឆ្នាំ១៩៦១ តាមរយៈស្ថិតិការគ្រប់គ្រងទីលានដល់ទៅ៥៨ភាគរយនិងឱកាសស៊ុត១៨ដង រីឯអ៊ុយក្រែនមានឱកាសស៊ុតតែ៣ដងប៉ុណ្ណោះ។

លេងបាន៣៧នាទី Harry Kane បានស៊ុតបញ្ចូលទីគ្រាប់បើកឆាកឱ្យអង់គ្លេស ដោយការបញ្ចូនពី Bukayo Saka។ បន្ទាប់ពីបង្កើតឱកាសយ៉ាងល្អរួចមក នៅនាទី៤០ Bukayo Saka ខ្លួនឯង ក៏បានធ្វើការស៊ុតបញ្ចូលទី ១គ្រាប់ដែរ ដើម្បីផ្តល់ការនាំមុខគ្រាប់ទី២ឱ្យអង់គ្លេសមុនចប់វគ្គទី១។

នៅវគ្គទី២ ការវាយសម្រុកគ្នាយ៉ាងសស្រាក់សស្រាំ ពីសំណាក់កីឡាករក្រុមទាំងសងខាងនៅតែបន្តធ្វើឡើង ប៉ុន្តែមិនមានក្រុមណាមួយអាចស៊ុតបញ្ចូលទីគ្នាទៀតទេ។ ដូច្នេះលទ្ធផល ២-០ បានបន្តដល់ចប់ការប្រកួត។
សម្រាប់ការធ្វើបានល្អរបស់ Bukayo Saka គ្រូបង្វឹក លោក Gareth Southgate មានការពេញចិត្តជាខ្លាំង ដោយលោកថា រូបគេគឺជាផ្នែកមួយយ៉ាងសំខាន់របស់កីឡាករជំនាន់ក្រោយអង់គ្លេស។

គ្រូបង្វឹកវ័យ ៥២ឆ្នាំ បានឱ្យដឹងដូច្នេះថា៖ “Bukayo Saka មានទេពកោសល្យល្អណាស់។ ពេល គេនៅលើទីលានគេលេងដោយមានភាពជឿជាក់។ យើងរំពឹងថា គេនឹងស៊ុតបញ្ចូលទីបាននៅពេលដែលគេបានបាល់។ នោះជាបច្ចេកទេសរបស់គេ។

លោក Southgate បន្តថា៖ “ដើម្បីក្លាយជាកីឡាករដ៏អស្ចារ្យមួយរូប យើងត្រូវតែជាកីឡាករដែលមានទាំងការស៊ុត និងការចែកបាល់ ហើយ Saka មានគ្រប់យ៉ាង។ Saka នឹងបង្កើតជាសមាសធាតុសំខាន់នៃយុទ្ធនាការ Euro 2024 របស់យើង និងដំណើរស្វែងរកពានរង្វាន់ដ៏ធំមួយ។”

ដោយឡែក ការប្រកួត១គូទៀតក្នុងពូលជាមួយគ្នាគឺ អ៊ីតាលីឈ្នះម៉ាល់តា ដោយលទ្ធផល ២-០។

សូមបញ្ជាក់ថា អង់គ្លេសបានឈ្នះទាំង២ប្រកួតដំបូង ពូល C ដែលធ្វើអោយពួកគេឈរកំពូលតារាង មាន៦ពិន្ទុ។ អ៊ីតាលី និង ម៉ាសេដូនៀខាងជើង មាន៣ពិន្ទុ ខណៈអ៊ុយក្រែន និង ម៉ាល់តាមាន០ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង