ក្រុមកីឡាការិនីកម្ពុជាអាយុក្រោម១៦ឆ្នាំ ចំនួន១២រូបបានក្លាយជាក្រុមស្រ្តីដំបូងគេដែលនឹងចូលរួមការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តការណ៍ JSSL’7 នៅប្រទេសសិង្ហបុរី ដែលជាការប្រកួតកីឡាបាល់ទាត់ដ៏ធំប្រចាំតំបន់អាស៊ី ខណៈពួកគេនឹងចាកចេញពីកម្ពុជា នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។
លោក Paraic Grogan ស្ថាបនិកកីឡាបាល់ទាត់ Happy Football Cambodia Australia បានសម្តែងនូវក្តីរីករាយដោយបានបណ្តុះបណ្តាលធនធានកីឡាការិនី រហូតមានឱកាសក្នុងការចូលរួមប្រកួតពានរង្វាន់ដ៏ធំប្រចាំតំបន់អាស៊ីមួយនេះ។ លោកថា ការចូលរួមប្រកួតនេះ គឺមិនមែនដើម្បីតែលទ្ធផលចាញ់ឬ ឈ្នះនោះទេ ប៉ុន្តែជាពេលវេលាល្អ ដែលធ្វើឱ្យពួកគេបានបង្ហាញសមត្ថភាពពិតប្រាកដ មានឱកាសបង្ហាញខ្លួន ក៏ដូចជាលេងនៅលើទីលានដ៏ធំជាងពួកគេធ្លាប់ឃើញកន្លងមក។
ស្ថាបនិកដដែល បានបង្ហាញនូវមោទកភាពថា ស្របពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាឱកាសក្នុងការបង្ហាញជូនដល់ប្រទេសដែលចូលរួមទាំងនោះ បានដឹងតាមរយៈការបង្ហាញរបស់កីឡាការិនី តំណាងជាតិកម្ពុជាទាំង១២រូបនេះផងដែរ។
លោក ស្កុត ណេសិន ស្ថាបនិកមូលនិធិកុមារកម្ពុជា បានបង្ហាញពីក្តីរីករាយដែលទទួលដំណឹងថា កម្ពុជានឹងមានតំណាងរបស់ខ្លួនចូលរួមក្នុងការប្រកួតពានរង្វាន់ដ៏ធំមួយនេះ។ ហើយជាការពិតណាស់គឺ ក្មេងស្រីមកពីអង្គការមូលនិធិកុមារ នឹងចូលរួមទទួលបាននូវបទពិសោធប្រកួត និងការធ្វើដំណើរថ្នាក់អន្តរជាតិលើកដំបូង។ លោកក៏បានថ្លែងអំណរគុណដល់ HFCA និងលោក Paraic ដែលបានខិតខំធ្វើការងារនេះមិនគិតថ្ងៃយប់ រហូតទទួលបានជោគជ័យ។
HFCA គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ក្នុងគោលបំណងផ្តល់សិទ្ធិដល់យុវជនក្រីក្រក្នុងប្រទេសកម្ពុជាតាមរយៈវិស័យកីឡាបាល់ទាត់។ ពិសេសអង្គការធានាថាយុវជនក្រីក្រមានសិទ្ធិអប់រំ បណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ ការបង្កើតក្រុម និងឱកាសក្នុងការប្រមូលផ្តុំ។ ការធ្វើបែបនេះជួយគាំទ្រដល់ សុខមាលភាពផ្លូវចិត្ត គោរពខ្លួនឯង ហើយអ្វីដែលសំខាន់ គឺផ្តល់នូវមាគាមួយឆ្ពោះទៅកាន់ឱកាសបន្ថែមទៀត ដោយអភិវឌ្ឍជំនាញទន់ សម្រាប់ភាពជោគជ័យនៅក្នុងការអប់រំនិងការងារ។
បញ្ជាក់ដែរថា JSSL’7 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ដែលមានសមាជិកក្រុមចំនួន៤០ ហើយបច្ចុប្បន្នជាខួបលើកទី៨ នាឆ្នាំ២០២៣នេះ ដោយមានកីឡាករ- កីឡាការិនី រហូតដល់ទៅ៤០០០នាក់ចូលរួមប្រកួតកីឡាបាលទាត់យុវជនប្រចាំតំបន់អាស៊ី ដែលនឹងប្រព្រឹត្តទៅ៤កន្លែង ក្នុងប្រទេសសិង្ហបុរី។ សម្រាប់ការប្រកួតកីឡាបាល់ទាត់នេះ មានចំនួន៥ប្រកួត ដោយក្នុងមួយក្រុមម្ខាងៗមានចំនួន៧នាក់ មានរយៈពេលចំនួន២២នាទី ៕