×

គ្រូជម្រើសជាតិស្កុតឡេនជំរុញកីឡាករខ្លួនដាស់ស្មារតីប្រយុទ្ធ ត្រៀមតតាំងនឹងអេស្ប៉ាញយប់នេះ

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡែន លោក Steve Clarke បានជំរុញឱ្យកូនក្រុមខ្លួន ត្រូវមានស្មារតីប្រយុទ្ធពេញទំហឹង ដើម្បីតតាំងជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួតវគ្គជម្រុះជុំទី២ ពូល A ពានរង្វាន់ UEFA Euro 2024។

ជាការពិត ក្រុមស្កុតឡេនធ្លាប់បានយកឈ្នះក្រុមអេស្ប៉ាញ ជាលើកចុងក្រោយបង្អស់ ដោយលទ្ធផល ៣-១ ក្នុងការប្រកួតវគ្គជម្រុះ World Cup កាលពីខែវិច្ឆិកា ឆ្នាំ១៩៨៤ ហើយចាប់តាំងពីពេលនោះមក ពួកគេមិនដែលយកឈ្នះអេស្ប៉ាញបានទៀតឡើយ ក្នុងការជួបគ្នាចំនួន៥ដង ស្កុតឡែនចាញ់អេស្ប៉ាញ ៣ដង និង ស្មើ២ដង។ ឥឡូវ ក្រុមទាំង២នឹងវិលមកជួបគ្នាសាជាថ្មី នាកីឡដ្ឋាន Hampden Park ស្ថិតនាទីក្រុង Glasgow។

យ៉ាងណា មុនការប្រកួតចូលមកដល់ គ្រូបង្វឹកលោក Steve Clarke បានទទូចឱ្យកីឡាករស្កុតឡែន ត្រូវមានភាពមុះមត់ និងខ្លាំងក្លា ដូចកាលពីឆ្នាំ១៩៨៤ ដែលពួកគេអាចយកឈ្នះអេស្ប៉ាញយ៉ាងមានមោទកភាព។

បុរសវ័យ ៥៩ឆ្នាំ បានឱ្យដឹងដូច្នេះថា៖ “ខ្ញុំបាននិយាយជាមួយកូនក្រុមអំពីភាពខ្លាំងរបស់ស្កុតឡែនកាលពីឆ្នាំ ១៩៨៤ ហើយវាជារឿងដែលយើងគួរតែចងចាំជារៀងរហូត។ ពេលនោះ កីឡាកររបស់យើងអស្ចារ្យណាស់ ដែលយើងអាចយកឈ្នះក្រុមអេស្ប៉ាញ ដែលជាក្រុមជើងខ្លាំងមួយលើពិភពលោក។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចបង្កើតរឿងអស្ចារ្យម្តងទៀត។”

កាលពីជុំទី១ក្នុងពូល A ស្កុតឡែន និង អេស្ប៉ាញ សុទ្ធតែបានឈ្នះដូចគ្នា គឺ ស្កុតឡែន ឈ្នះ សាយព្រីស ៣-០ ខណៈអេស្ប៉ាញ ឈ្នះន័រវេស ៣-០ ដូចគ្នា។

សូមបញ្ជាក់ថា ការប្រកួតរវាងអេស្ប៉ាញ និង ន័រវែស នឹងធ្វើឡើងនាយប់នេះ ចាប់ពីវេលាម៉ោង ១:៣៥នាទី រំលងអាធ្រាត្រតទៅ ដោយការប្រកួតនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង FB Page “CBS Sports”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង