គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំង លោក Didier Deschamps បានបង្ហាញពីការកោតសរសើរចំពោះក្រុមជម្រើសជាតិអៀរឡង់ បើទោះបីជាក្រុមរបស់ខ្លួនបានយកឈ្នះដោយលទ្ធផល ១-០ ក៏ដោយ។
ការប្រកួតដែលធ្វើឡើងកាលពីយប់មិញនាកីឡដ្ឋាន Aviva ស្ថិតក្នុងទីក្រុង Dublin ក្រុមអៀរឡង់ត្រូវស្វាគមន៍ក្រុមបារាំង ក្នុងការប្រកួតវគ្គជម្រុះ ជុំទី២ ពូល B ពានរង្វាន់ UEFA Euro 2024។ ការប្រកួតនោះគឺក្រុមបារាំង ដែលត្រូវបានចាត់ទុកជាក្រុមបាល់ទាត់ដ៏ខ្លាំងមួយលើពិភពលោក បានលេងដាក់សម្ពាធទៅលើគូប្រជែង ប៉ុន្តែក្រុមអៀរឡង់ ក៏មិនបង្ហាញភាពទន់ខ្សោយនោះដែរ គឺបានព្យាយាមធ្វើការទប់ទល់ វាយសម្រុក យ៉ាងមមាញឹកដូចគ្នា។ យ៉ាងណា វគ្គទី១មិនមានគ្រាប់បាល់ត្រូវស៊ុតបំប៉ោងសំណាញ់ទីទេ។
នៅវគ្គទី២ ដំណើរការបាន៥នាទី ពោលគឺនាទី៥០ ខ្សែការពារ Benjamin Pavard បានឆក់ឱកាសល្អ ដើម្បីស៊ុតបញ្ចូលទី បើកការនាំមុខឱ្យក្រុមបារាំង។ ការប្រកួតបន្តជាធម្មតា ប៉ុន្តែមិនមានគ្រាប់ស៊ុតបញ្ចូលទីទៀតទេ គឺលទ្ធផល បារាំង ១ អៀរឡង់ ០ បន្តដល់ចប់ការប្រកួត។
លោក Deschamps ដែលបានដឹកនាំបារាំងយកឈ្នះលើអៀរឡង់រហូតមកចាប់តាំងពីការប្រកួតឈ្នះ ២-១ នៅ Euro 2016 និងការប្រកួតមិត្តភាពឈ្នះ ២-០ កាលពីឆ្នាំ២០១៨ បានបង្ហាញពីការភ្ញាក់ផ្អើល និង កោតសរសើរចំពោះអៀរឡង់ ដែលអាចទប់ទល់ការវាយសម្រុកពីក្រុមបារាំង ហើយរបូតគ្រាប់បាល់ត្រឹមតែ១គ្រាប់។
គ្រូបង្វឹកវ័យ ៥៤ឆ្នាំ បានឱ្យដឹងថា៖ “យើងលេងបានល្អ ប៉ុន្តែអៀរឡង់បានបង្ហាញការការពារយ៉ាងល្អដែរ។ យើងបានព្យាយាមដើម្បីបានឈ្នះច្រើនគ្រាប់ជាងនេះ ប៉ុន្តែអៀរឡង់បានសង្គ្រោះការវាយលុករបស់យើងយ៉ាងគួរឱ្យភ្ញាក់ផ្អើល។ ក្រោយការប្រកួតរួចមក ខ្ញុំពិតជារីករាយ និងមានមោទកភាពជំនួសអៀរឡង់ ដែលពួកគេអាចមានការប្រកួតដ៏ល្អបែបនេះ។”
ដោយឡែក ការប្រកួត១គូទៀតក្នុងពូលជាមួយគ្នាគឺហូឡង់ ឈ្នះ ជីប្រាលតា ៣-០។
ឆ្លងកាត់២ប្រកួតក្នុងពូល B គឺក្រុមបារាំង ឈ្នះទាំងអស់មាន៦ពិន្ទុ ក្រិកទើបលេងបាន១ប្រកួតមាន៣ពិន្ទុ ហូឡង់លេង២ប្រកួតមាន៣ពិន្ទុ ហើយអៀរឡង់ និង ជីប្រាលតា មាន០ពិន្ទុ៕