×

ប៉ូលិសស៊ើបអង្កេត Haaland ជុំវិញការប្រើទូរសព្ទពេលបើកបរ

ប៉ូលីសអង់គ្លេស បានបើកការស៊ើបអង្កេតលើខ្សែប្រយុទ្ធ Erling Haaland របស់ក្លិប Manchester City ពាក់ព័ន្ធនឹងការលេងទូរសព្ទពេលកំពុងបើកបរ។

វីដេអូមួយបានបង្ហាញពី Haaland ហាក់កំពុងប្រើប្រាស់ទូរសព្ទពេលកំពុងបើករថយន្ត Rolls Royce មួយគ្រឿង។ ហេតុការណ៍នេះបានកើតឡើងនៅ New Islington ដែលជាតំបន់មួយនៃទីក្រុង Manchester ដែលនៅជិតកីឡដ្ឋាន Etihad របស់ Man City ។

សកម្មភាពរបស់ Haaland បានកើតឡើងកាលពីថ្ងៃទី១៥ ខែមីនា បន្ទាប់ពីរូបគេស៊ុតបញ្ចូលទី ៥ គ្រាប់ក្នុងជ័យជម្នះ ៧-០ របស់ Man City ទល់នឹង RB Leipzig នៅក្នុងការប្រកួតក្របខណ្ឌ Champions League។ ប៉ុន្តែវីដេអូរបស់ Haaland ទើបតែបានលេចចេញជាសាធារណៈនៅថ្ងៃចន្ទសប្ដាហ៍នេះប៉ុណ្ណោះ។

អ្នកនាំពាក្យស្នងការដ្ឋានទីក្រុង Manchester បានបញ្ជាក់ថា៖ “ខ្ញុំអាចបញ្ជាក់បានថា ពួកយើង បានដឹងពីរូបភាពនេះ ហើយកំពុងស៊ើបអង្កេត”។

សូមជម្រាបថា Haaland ដែលបានស៊ុតបញ្ចូលទីបាន ៤២ គ្រាប់ចាប់តាំងពីចូលរួមជាមួយ Man City ពី Borussia Dortmund អាចត្រូវពិន័យជាប្រាក់ ២០០ ផោន និងដក ៦ ពិន្ទុក្នុងបណ្ណបើកបរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង