×

សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ីគ្រោងជួបជាមួយ FIFA លើបញ្ហាការធ្វើម្ចាស់ផ្ទះ U-20 World Cup 2023

សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី PSSI គ្រោងជួបពិភាក្សាជាមួយសហព័ន្ធបាល់ទាត់ពិភពលោក FIFA បន្ទាប់ពីការចាប់ឆ្នោតវគ្គចែកពូលពានរង្វាន់ U-20 World Cup 2023 ត្រូវបានផ្អាក។

ឥណ្ឌូណេស៊ីនឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ U-20 World Cup ដែលការប្រកួតមានក្រុមចំនួន២៤ ចាប់ពីថ្ងៃទី១០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា។

ប៉ុន្តែការចាប់ឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា នៅកោះបាលី ត្រូវលុបចោលក្រោយពីមានបាតុកម្មតវ៉ាមិនឱ្យអ៊ីស្រាអែលចូលរួមប្រកួត ព្រោះតែជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ប្រជាជនឥណ្ឌូណេស៊ីភាគច្រើន កាន់សាសនាឥស្លាម ខណៈការអនុវត្តបែបសាសនាម្រិតមធ្យម។ ឥណ្ឌូណេស៊ី ក៏មិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងអ៊ីស្រាអែលទេ។

ក្រុមបាល់ទាត់អាយុក្រោម ២០ឆ្នាំអ៊ីស្រាអែល សម្រាប់ការប្រកួត U-20 World Cup នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ពួកគេដែលឈានជើងឡើងដល់វគ្គនេះ។

ការលុបចោលការចាប់ឆ្នោត បានបង្កការភ័យខ្លាចដល់ឥណ្ឌូណេស៊ី ដែលអាចនឹងបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះ U-20 World Cup 2023។ ឥណ្ឌូណេស៊ី ក៏បារម្ភប៉ះពាល់ដល់អនាគតនៃការរៀបចំព្រឹត្តិការណ៍ផ្សេងទៀតជាមួយនឹង FIFA ផងដែរ។

ឥណ្ឌូណេស៊ី ក៏កំពុងតែព្យាយាមកសាងកេរ្តិ៍ឈ្មោះឡើងវិញ បន្ទាប់ពីហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋានកាលពីឆ្នាំមុន ដែលធ្វើឱ្យមានមនុស្សស្លាប់ ១៣៥នាក់ នៅខេត្តជ្វាខាងកើត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង