យោងតាមកាសែត Bild ជំនួយការគ្រូបង្វឹក Chelsea លោក Anthony Barry បានដាក់សំណើសុំចាកចេញពីក្លិបដើម្បីចូលរួមជាមួយ Thomas Tuchel នៅ Bayern Munich ។
លោក Barry ធ្លាប់ធ្វើការជាមួយលោក Tuchel បានចំនួន ៩៩ ប្រកួតក្នុងអំឡុងពេលការដឹកនាំរបស់លោកនៅ Chelsea។ ដូច្នេះហើយ ការទៅដឹកនាំ នៅ Bayern Munich នេះ លោក Tuchel ពិតជាចង់រួមការងារជាមួយជំនួយការខ្លួន ដោយលោកក៏បាននិយាយជាសាធារណៈរួចហើយ អំពីបំណងប្រាថ្នារបស់ខ្លួនក្នុងការមាន Barry នៅក្លិបថ្មី។
លោក Thomas Tuchel បានឱ្យដឹងដូច្នេះថា៖ “យើងសង្ឃឹមថាយើងនឹងទទួលបាន Anthony Barry ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមកិច្ចសន្យាជាមួយ Chelsea។ យើងតស៊ូដើម្បីវា ហើយយើងមានទំនុកចិត្តព្រោះវាជាបំណងប្រាថ្នារបស់ខ្ញុំ។ យើងនឹងចាប់ផ្តើមជាមួយជំនួយការទាំងបីនៅសប្តាហ៍ក្រោយ។”
ការចរចាររវាង Chelsea និង Bayern នៅតែបន្ត ហើយក្រុមតោខៀវចង់បានសំណងសម្រាប់ការបញ្ចប់កិច្ចសន្យារបស់លោក Anthony Barry ចេញពីទឹកដី Stamford Bridge៕