×

គ្រូជម្រើសជាតិស្កុតឡែន ថា គុណសម្បត្តិទាំងអស់គឺជារបស់កីឡាករក្រោយយកឈ្នះអេស្ប៉ាញកាលពីយប់មិញ

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡែន លោក Steve Clarke បាននិយាយថា កីឡាករគ្រប់រូបរបស់លោកគឺទទួលបានគុណសម្បត្តិទាំងអស់ នៅក្នុងការប្រកួតឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញ ២-០ ក្នុងវគ្គជម្រុះ ជុំទី២ ពូល A ពានរង្វាន់ UEFA Euro 2024 កាលពីយប់មិញ។

ជាការពិត ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Hampden Park ក្នុងទីក្រុង Glasgow ក្រុមម្ចាស់ផ្ទះស្កុតឡែន ត្រូវបានក្រុមភ្ញៀវអេស្ប៉ាញ លេងគ្របសង្កត់យ៉ាងខ្លាំង ដោយស្ថិតិនៃការគ្រប់គ្រងបាល់របស់ពួកគេមានត្រឹមតែ ២៥ភាគរយប៉ុណ្ណោះ ប៉ុន្តែស្កុតឡែន នៅតែអាចធ្វើការការពារសំណាញ់ទីរបស់ខ្លួនបានយ៉ាងល្អ។

លេងបាន៧នាទី ស្រាប់តែស្កុតឡែនអាចក្តាប់បានឱកាសមាស ក្នុងការអូសបាល់ទៅស៊ុតបំប៉ោងសំណាញ់ទីរបស់អេស្ប៉ាញ ដែលជាការធ្វើបានពីខ្សែបម្រើ Scott McTominay។ កីឡាករមកពីក្លិប Man UTD ដដែល បានស៊ុតបញ្ចូលទី១គ្រាប់ទៀត ពេលការប្រកួតឈានដល់នាទី ៥១ នៃវគ្គទី២។ ផ្ទុយមកវិញ អេស្ប៉ាញ ក្រោយត្រូវគូប្រជែងនាំមុខ២គ្រាប់ទៅហើយនោះ បានព្យាយាម បង្កើនការវាយសម្រុកទៅវិញដែរ ប៉ុន្តែមិនបានផ្លែផ្កា។ យ៉ាងណា លទ្ធផល ២-០ បានរក្សាដល់ចប់ការប្រកួត។

វាជាជ័យជម្នះលើកដំបូងរបស់ ស្កុតឡែនលើអេស្ប៉ាញ ក្នុងរយៈពេល ៣៩ឆ្នាំ ក្រោយធ្លាប់ឈ្នះក្រុមរហស្សនាមគោជល់ ៣-១ ក្នុងការប្រកួតវគ្គជម្រុះ World Cup កាលពីខែវិច្ឆិកា ឆ្នាំ១៩៨៤។

ការធ្វើបានល្អបែបនេះ បានធ្វើឱ្យគ្រូបង្វឹកស្កុតឡែន លោក Steve Clarke បង្ហាញភាពរីករាយយ៉ាងខ្លាំង ចំពោះកីឡាកររបស់ខ្លួន។

បុរសវ័យ ៥៩ឆ្នាំ បាននិយាយថា៖ “កីឡាកររបស់ខ្ញុំធ្វើបានល្អបំផុត ក្នុងការប្រកួតឈ្នះ២លើកជាប់គ្នា។ វាជារឿងសំខាន់ក្នុងការទាញយកប្រយោជន៍ពីការប្រកួតក្នុងដីឱ្យបានច្រើនតាមដែលយើងអាចធ្វើបាន។ គ្រប់គុណសម្បត្តិទាំងអស់ គឺជារបស់កីឡាករខ្ញុំ ហើយពួកគេគ្រប់គ្នា គ្មាននរណាម្នាក់បានធ្វើឱ្យខ្ញុំខកបំណងទេ។ យើងមានក្រុមដ៏ល្អខ្លាំងណាស់”។

ឆ្លងកាត់ការប្រកួត២លើក ស្កុតឡែនឈរចំណាត់ថ្នាក់លេខ១ប្រចាំពូល A ដោយឈ្នះទាំង២ប្រកួត មាន៦ពិន្ទុ អេស្ប៉ាញមាន ៣ពិន្ទុ ន័រវេសមាន និង ហ្សកហ្ស៊ី មាន១ពិន្ទុ ដូចគ្នា ហើយសាយព្រីសមាន០ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង