×

FIFA ដកសិទ្ធិម្ចាស់ផ្ទះព្រឹត្តិការណ៍ U-20 World Cup 2023 ពីប្រទេសឥណ្ឌូណេស៊ី

ប្រទេសឥណ្ឌូណេស៊ី ត្រូវបានដកចេញពីកាតព្វកិច្ចធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៣ ដោយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់ មុនពេលការប្រកួតគ្រោងនឹងចាប់ផ្តើមតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ។

FIFA មិនបានបង្ហាញពីហេតុផលនៃការសម្រេចចិត្តរបស់ខ្លួននោះទេ ដោយគ្រាន់តែបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា FIFA បានសម្រេចចិត្តដោយយោងតាមកាលៈទេសៈបច្ចុប្បន្នតម្រូវឱ្យធ្វើបែបនេះ។

ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងប្រធាន FIFA លោក Gianni Infantino និងប្រធានសមាគមបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir ពិភាក្សាលើការទាមទារពីមន្ត្រីឥណ្ឌូណេស៊ីមួយចំនួន ដែលបានស្នើឱ្យដកក្រុមអ៊ីស្រាអែលមិនឱ្យចូលរួមក្នុងការប្រកួត។

សេចក្តីថ្លែងការណ៍របស់ FIFA ក៏បានសំដៅទៅលើសោកនាដកម្មដែលបានកើតឡើង ក្នុងខែតុលា ឆ្នាំ២០២២ ក្នុងហេតុការណ៍រត់ជាន់គ្នា ដែលបានសម្លាប់មនុស្ស ១២៥នាក់នៅកោះជ្វាភាគខាងកើត។

FIFA បាននិយាយថា ម្ចាស់ផ្ទះថ្មីនឹងត្រូវបានប្រកាសឆាប់ៗនេះ ហើយកាលបរិច្ឆេទនៃការប្រកួតមិនផ្លាស់ប្តូរទេ ពោលគឺចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង