Chelsea កំពុងតាមដានបេក្ខភាពលោក Marco Silva ដើម្បីជំនួសតំណែងលោក Graham Potter បន្ទាប់ពីអ្នកចាត់ការរូបនេះ បានទទួលជោគជ័យក្នុងការដឹកនាំក្រុម Fulham ដែលទើបតែឡើងពីក្របខណ្ឌ Championship នារដូវកាលនេះ។
លោក Silva គឺជាបេក្ខភាពម្នាក់ក្នុងការចូលកាន់តំណែងនៅកីឡដ្ឋាន Stamford Bridge បន្ទាប់ពីម្ចាស់ក្លិបតោខៀវ លោក Todd Boehly បានបញ្ឈប់លោក Potter កាលពីម្សិលមិញ។ លោក Potter ចាកចេញពី Chelsea បន្ទាប់ពីដឹកនាំបានតែជិត៧ខែ បន្ទាប់ពីការចាញ់ក្រុម Aston Villa ដោយលទ្ធផល ២-០ ដែលបានធ្វើឱ្យ Chelsea ឈរនៅលេខ១១ ក្នុងក្របខណ្ឌ Premier League ។
យោងតាម Mirror បានឱ្យដឹងថា បេក្ខភាព Silva កំពុងត្រូវបាន Chelsea ពិចារណាប្រៀបធៀបជាមួយនឹងបេក្ខភាពលោកJulian Nagelsmann និងលោក Mauricio Pochettino ។
Silva អតីតអ្នកចាត់ការទូទៅរបស់ Everton បានជួយឱ្យ Fulham ឈរនៅលេខ១០ក្នុង PL បន្ទាប់ពីជួយឱ្យពួកគេឡើងមកកាន់ក្របខណ្ឌលីគកំពូលអង់គ្លេស៕