ម្ចាស់ក្លិប Chelsea មានការព្រួយបារម្ភអំពីអាយុរបស់លោក Julian Nagelsmann ខណៈបុរសវ័យ ៣៥ឆ្នាំរូបនេះ គឺជាបេក្ខភាពម្នាក់ក្នុងបញ្ជីឈ្មោះបេក្ខភាពជាច្រើន ដែលអាចនឹងត្រូវជំនួសតំណែងរបស់លោក Graham Potter ជាអ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ។ នេះបើយោងតាមសារព័ត៌មាន Skysports ។
សហម្ចាស់ក្លិប ពោលគឺលោក Todd Boehly និង Behdad Eghbali មានការព្រួយបារម្ភថា Nagelsmann មានបទពិសោធន៍ក្មេងខ្ចីពេក។
លោក Nagelsmannធ្លាប់ធ្វើការនៅក្លិប RB Leipzig ជាមួយនាយកបច្ចេកទេស Chelsea លោក Christopher Vivell ។ ការស្វែងរកគ្រូថ្មីត្រូវបានដឹកនាំដោយនាយកកីឡា Chelsea លោក Paul Winstanley និង Laurence Stewart ។
លោក Oliver Kahn នាយកប្រតិបត្តិរបស់ក្លិប Bayern Munich បានប្រាប់ Sky Sports ក្នុងប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃអាទិត្យមុនពេល Graham Potter ត្រូវបានបណ្តេញចេញថា គាត់មិនរំពឹងថា លោក Nagelsmann នឹងទទួលការងារផ្សេងទៀតនៅរដូវកាលនេះទេ។ យោងតាមកុងត្រា Bayern អាចទាមទារសំណងពីលោក Nagelsmann ប្រសិនបើក្លិបណាមួយ តែងតាំងគាត់ជាអ្នកចាត់ការថ្មីរបស់ពួកគេ៕