×

FIFA បន្តដកសិទ្ធិប្រទេសមួយទៀត មិនឱ្យរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកយុវជន

ស្ថាប័ន FIFA បានដកសិទ្ធិប្រទេសប៉េរូ មិនឱ្យធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអាយុក្រោម១៧ឆ្នាំ (FIFA U-17 World Cup) នាពេលខាងមុខ។

ប្រទេសនៅទ្វីបអាមេរិកខាងត្បូងនេះ មិនអាចសម្រេចតាមផែនការហេដ្ឋារចនាសម្ព័ន្ធដែលបានសន្យា ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអាយុក្រោម១៧ឆ្នាំ នាថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ។ FIFA បានប្រកាសថា ម្ចាស់ផ្ទះថ្មី នឹងត្រូវជ្រើសរើសនាពេលខាងមុខ។

សេចក្តីប្រកាសព័ត៌មានរបស់ FIFAបានថ្លែងអំណរគុណដល់សហព័ន្ធកីឡាបាល់ទាត់ប៉េរូ សម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមក ប៉ុន្តែនឹងស្វាគមន៍ការរៀបចំការប្រកួតនៅក្នុងប្រទេសប៉េរូ នាពេលអនាគត។

សហព័ន្ធកីឡាបាល់ទាត់ប៉េរូ បានបំភ្លឺថា កត្តាអាកាសធាតុដែលបង្កដោយព្យុះស៊ីក្លូន Yaku បានបង្កការរំខានដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការប្រកួត។

សូមរំឭកថា ប៉េរូមិនមែនជាប្រទេសទីមួយទេ ដែលបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកយុវជន។ កាលពីខែមុន FIFA ក៏បានដកសិទ្ធិរបស់ប្រទេសឥណ្ឌូណេស៊ី មិនឱ្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ (FIFA U-20 World Cup) ផងដែរ។

ព្រឹត្តិការណ៍ទាំងពីរនេះ ដើមឡើយគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២១ ប៉ុន្តែត្រូវផ្លាស់ប្តូរដោយសារតែជំងឺរាតត្បាត COVID-19។ អាហ្សង់ទីន បានបង្ហាញពីឆន្ទៈដើម្បីធ្វើជាម្ចាស់ផ្ទះ FIFA U-20 World Cup ដោយបានដាក់សំណើទៅ FIFA ជាផ្លូវការ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង