ក្លិប Arsenal និង Manchester City ត្រូវបានរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រកួតប្រជែងគ្នា ក្នុងការចុះហត្ថលេខានាំយកខ្សែការពារ Ferland Mendy ពី Real Madrid នៅពេលទីផ្សារដោះដូរកីឡាករ ត្រូវបើកឡើងវិញ នារដូវក្តៅខាងមុខ។
Ferland Mendy បានផ្ទេរមកចូលរួមជាមួយក្លិប Real Madrid ពី Lyon នៅក្នុងឆ្នាំ២០១៩ ហើយបានចូលលេងលើទីលានបានចំនួន ១៣០ ប្រកួត ស៊ុតបាន ៥ គ្រាប់ និង ចែកបាល់សម្រេចទីបានចំនួន ១០ លើកផងដែរ។
យ៉ាងណាមិញ រដូវកាលនេះ កីឡាករសញ្ជាតិបារាំង ហាក់កំពុងជួបប្រទះការលំបាកយ៉ាងខ្លាំង ដោយសារតែប្រឈមមុខជាមួយនឹងបញ្ហារបួសញឹកញាប់ ដែលធ្វើឱ្យគេបង្ហាញខ្លួនបានត្រឹមតែ ២៥ លើកប៉ុណ្ណោះ។
បើទោះមានស្ថានភាពបែបនេះមែន ទាំង Arsenal និង Man City កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថេលខាលើខ្សែការពារថ្មីម្នាក់ នៅរដូវកាលនេះ ខណ: Mendy កំពុងក្លាយជាគោលដៅធំមួយ ដោយក្លិបអង់គ្លេសទាំង ២ គ្រោងនឹងត្រៀមចំណាយរហូតដល់ ៥៣លានផោន សម្រាប់ការចុះហត្ថលេខាលើគេផងដែរ។
ទន្ទឹមនឹងនេះ Real Madrid មានឆន្ទៈក្នុងការលក់ Ferland Mendy ដោយចាត់ទុករូបគេជាផ្នែកមួយដែលអាចផ្តល់ប្រាក់ចំណូលធំសម្រាប់ក្លិប នៅក្នុងទីផ្សាររដូវក្តៅខាងមុខ ៕