ខ្សែប្រយុទ្ធ Lionel Messi បានទទួលនូវសំណើផ្លូវការជាមួយការផ្តល់ជូនប្រាក់ឈ្នួលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្លិប Al Hilal នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។
កីឡាករវ័យ៣៥ឆ្នាំកំពុងមានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គេជាមួយនឹងក្លិបបារាំង Paris Saint-Germain។
Messi នឹងផុតកុងត្រានៅទឹកដី Parc de Princes នៅរដូវក្តៅនេះ ហើយគេបានទាក់ទាញចំណាប់អារម្មណ៍ផ្ទេរយ៉ាងខ្លាំងពីក្លិបនៅលីគកំពូលអាមេរិក អតីតក្លិប Barcelona របស់គេ និងក្លិបនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។
PSG ពិតជាចង់រក្សាម្ចាស់ពាន Ballon d’Or ៧សម័យ នៅជាមួយខ្លួន ប៉ុន្តែពួកគេមិនអាចចង Messi ចុះកិច្ចសន្យាថ្មីបាននៅឡើយទេ ហើយគេអាចដើរដោយសេរីនៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងតាមអ្នកជំនាញការផ្ទេរកីឡាករ Fabrizio Romano បានបញ្ជាក់ថា Al Hilal របស់ Saudi Pro League បានដាក់ការដេញថ្លៃជាផ្លូវការសម្រាប់ Messi ហើយបូកបញ្ចូលវាជាមួយនឹងប្រាក់បៀវត្សរ៍ដ៏គួរឱ្យចាប់អារម្មណ៍គឺប្រមាណ ៤៤០លានដុល្លារឯណោះ។
ក្លិប Al Hilal ត្រូវបានផ្សារភ្ជាប់ជាមួយ Lionel Messi ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយមានបំណងចង់ទាក់ទាញកីឡាករអាហ្សង់ទីនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។
ការផ្លាស់ប្តូរទៅកាន់ Al Hilal នឹងធ្វើឱ្យ Messi ជួបនឹងគូប្រជែងចាស់គឺ Cristiano Ronaldo ដែលបានបញ្ចប់ការផ្លាស់ប្តូរដ៏មានតម្លៃខ្ពស់ ២២០លានដុល្លារ ទៅកាន់ Al Nassr បន្ទាប់ពីចាកចេញពី Manchester United រួចមក៕