ព្រឹត្តិការណ៍បាល់ទាត់អាស៊ី AFC Asian Cup 2023 នឹងត្រូវធ្វើឡើងដោយមានប្រទេសកាតាធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតមួយនេះ។
នេះបើតាមការឱ្យដឹងពីសហព័ន្ធបាលទាត់អាស៊ី AFC កាលពីពេលថ្មីៗនេះ។
ជាការពិត ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាស៊ី ត្រូវបានប្រគល់សិទ្ធិជូនប្រទេសចិនធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១៩ ប៉ុន្តែប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកបានបោះបង់សិទ្ធិនៅឆ្នាំនេះ ដោយសារពួកគេបន្តគោលនយោបាយសូន្យកូវីដ។
ប្រទេសម្ចាស់ផ្ទះថ្មីក៏ត្រូវបានស្វែងរក ខណៈកាតាដែលទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2022 ផ្នែកបុរសកាលពីឆ្នាំមុននោះ ត្រូវបានតែងតាំងជាម្ចាស់ផ្ទះ បន្ទាប់ពីរដ្ឋឈូងសមុទ្រមួយនេះត្រូវបានគេពេញចិត្តក្នុងការប្រគល់សិទ្ធិជាម្ចាស់ផ្ទះ AFC Asian Cup 2023 ជាជាងកូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី។
យ៉ាងណាមិញ ការប្រកួតដែលមាន២៤ក្រុមចូលរួមនោះ ត្រូវបានលើកពេលវេលាពីពាក់កណ្តាលឆ្នាំ២០២៣ ទៅកាន់ដើមឆ្នាំ២០២៤ ដោយចាប់ផ្តើមពីថ្ងៃទី ១២ ខែមករា ដល់ ថ្ងៃទី ១០ ខែកុម្ភៈ វិញ ដើម្បីជៀសវាងការប៉ះពាល់ ដោយសារអាកាសធាតុក្តៅខ្លាំងនៅក្នុងប្រទេសកាតា។
នេះជាលើកទី៣ហើយ ដែលកាតាបានក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC Asian Cup បន្ទាប់ពីពួកគេធ្លាប់បានដំណើរការវានៅក្នុងឆ្នាំ ១៩៨៨ និង ឆ្នាំ២០១១ រួចមក។ ពួកគេក៏ធ្លាប់ជាម្ចាស់ជើងឯកពានរង្វាន់ AFC Asian Cup គឺនៅក្នុងឆ្នាំ២០១៩ ដែលធ្វើឡើងនាប្រទេសអារ៉ាប់រួម។
ព្រឹត្តិការណ៍ AFC Asian Cup 2023 នឹងក្លាយជាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយ ព្រោះវាបានដំណើរការស្របពេលគ្នា ជាមួយការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations ដែលដំណើរការពីថ្ងៃទី ១៣ ខែមករា ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៤ដែរ៕