×

អ្នកគាំទ្រ Liverpool ដាក់ពាក្យប្តឹង UEFA ករណីរឿងចលាចលការប្រកួត Champions League កាលពីឆ្នាំមុន

ក្រុមអ្នកគាំទ្រ Liverpool ប្រមាណជា៩០០នាក់ ដែលបានចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុម Real Madrid នាទីក្រុង Paris ប្រទេសបារាំង កាលពីឆ្នាំមុននោះ បានធ្វើការដាក់ពាក្យប្តឹងប្រឆាំងចំពោះស្ថាប័ន UEFA ជាផ្លូវការ ករណីរឿងចលាចលនៅក្រៅកីឡដ្ឋាន ដែលធ្វើអោយពួកគេរងរបួស។

ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Liverpool និង Real Madrid កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ បានពន្យាពេលរយៈពេល៣៦នាទី បន្ទាប់ពីអ្នកគាំទ្រ Liverpool រាប់ពាន់នាក់បានជាប់គាំងនៅក្រៅកីឡដ្ឋាន Stade de France ដោយមិនអាចចូលរួមការប្រកួតទាន់ពេលវេលា។

អំឡុងភាពចលាចលនោះ ប៉ូលិសបារាំងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់អ្នកគាំទ្រ Liverpool ដែលមានទាំងស្រ្តី និងកុមារ។ ភ្លាមៗ UEFA ស្តីបន្ទោសអ្នកគាំទ្រ Liverpool ចំពោះរឿងដែលកើតឡើង តែក្រោយការស៊ើបអង្កេតបានបញ្ជាក់ពីភាពស្អាតស្អំរួចមក UEFA ក៏បានសុំទោសអ្នកគាំទ្រវិញផងដែរ។

យ៉ាងណាក៏ដោយ នៅពេលនេះក្រុមអ្នកគាំទ្រ Liverpool បានដាក់ពាក្យប្តឹងប្រឆាំងនឹង UEFA ព្រោះការគ្រប់គ្រងមិនបានល្អ ធ្វើអោយរឿងច្របូកច្របល់កើតឡើង ហើយពួកគេត្រូវរងរបួសទៀត។

ក្រុមអ្នកគាំទ្រ Liverpool បានដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នច្បាប់ដែលមាន Leigh Day, Pogust Goodhead និង Binghams Solicitors ខណៈពាក្យប្តឹងត្រូវគ្រោងធ្វើឡើងតាំងពីឆ្នាំមុនមកម្ល៉េ ប៉ុន្តែទើបតែប្តឹងជាផ្លូវការនៅពេលនេះ។

សូមបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំ២០២២នោះ Real Madrid បានយកឈ្នះ Liverpool លទ្ធផល ១-០ ដើម្បីគ្រងជើងឯកក្របខណ្ឌកំពូលអឺរ៉ុបលើកទី១៤ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង