Frank Lampard ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea ជាបណ្ដោះអាសន្ន រហូតដល់រដូវកាលនៃរដូវកាលនេះ ខណៈគ្រូបង្វឹកវ័យ ៤៤ ឆ្នាំរូបនេះ មិនបានច្រានចោលការទទួលយកតំណែងជាអចិន្ត្រៃយ៍ នៅរដូវកាលក្រោយឡើយ។
នៅសល់ការប្រកួត និងពេលវេលាជាច្រើន អំឡុងខែមេសា និងឧសភា ដើម្បីឱ្យ Lampard បង្ហាញពីសមត្ថភាពរបស់គាត់សាជាថ្មី ទោះបីជាគាត់ត្រូវបានក្លិបនៅទីក្រុងឡុងដ៍បញ្ឈប់ពីការងារម្ដងរួចហើយក៏ដោយ។
ក្នុងពេលបង្ហាញខ្លួនជាផ្លូវការសម្រាប់តំណែងអ្នកចាត់ការទូទៅបណ្ដោះអាសន្ន Lampard បាននិយាយថា៖ “លទ្ធផលនឹងត្រូវបង្ហាញ ខ្ញុំមិនហ៊ានមានទំនុកចិត្តខ្ពស់ពេកទេ។ ខ្ញុំចង់ធ្វើវាឱ្យអស់ពីលទ្ធភាព ដើម្បីជួយក្លិបនៅក្នុងអំឡុងពេលនេះ ហើយពួកយើងនឹងបានឃើញអ្វីដែលកើតឡើងនៅពេលក្រោយ”។
Lampard ត្រូវបានបញ្ឈប់ពីតំណែងនៅ Everton កាលពីខែកុម្ភៈ ដោយសារការដឹកនាំមិនបានល្អ។ អតីតខ្សែបម្រើរបស់ក្រុមតោខៀវរូបនេះ ត្រូវបានដកចេញពីតួនាទីរបស់គាត់ដោយអតីតម្ចាស់ក្លិប Chelsea កាលពីខែមករា ឆ្នាំ២០២១ មុនពេលតែងតាំងលោក Thomas Tuchel ជំនួសវិញ។
Lampard មានកំណត់ត្រាឈ្នះ ៥២.៤% អំឡុងពេលដឹកនាំ Chelsea ក្នុងការប្រកួតសរុបចំនួន ៨៤ ចន្លោះពីឆ្នាំ២០១៩ ដលឆ្នាំ២០២១៕