×

ខ្សែបម្រើ Christian Eriksen អាចវិលមកវិញក្នុងការប្រកួត Man UTD ប៉ះ Everton

ខ្សែបម្រើ Christian Eriksen អាចនឹងបង្ហាញខ្លួនជាលើកដំបូង គិតចាប់តាំងពីខែមករា នៅពេល Man UTD ត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ទទួលក្រុម Everton សម្រាប់ជំនួបក្របខណ្ឌ Premier League ចុងសប្តាហ៍នេះ។ នេះបើតាមការអោយដឹងពីគ្រូបង្វឹកលោក Erik ten Hag។

Eriksen មិនបានចូលរួមប្រកួតនោះទេ ចាប់តាំងពីឈ្នះពានរង្វាន់ FA Cup លើក្រុម Reading កាលពីចុងខែមករា ដោយសាររងរបួសកជើង នៅអំឡុងពេលប្រកួតនោះ។

នៅពេលត្រូវសួរនាំថាតើ Eriksen អាចវិលត្រឡប់ចូលក្រុមបិសាចក្រហមសម្រាប់ថ្ងៃប្រកួតប៉ះក្រុមស្ករគ្រាប់ ឬយ៉ាងណានោះ លោក Ten Hag បានថា “យើងនឹងមើល។ យើងនឹងតាមដានពីស្ថានភាពរបស់ Christian Eriksen ជារៀងរាល់ថ្ងៃ។”

គ្រូបង្វឹកវ័យ ៥៣ឆ្នាំ បន្តថា “យ៉ាងណាខ្ញុំឃើញថា Eriksen កំពុងល្អប្រសើរ។ គេទើបតែវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញក្នុងសប្តាហ៍នេះ។ យើងមានការហ្វឹកហាត់ ២លើក បន្ទាប់ពីនោះ យើងនឹងសម្រេចថាតើ គេអាចត្រឡប់ចូលលេងជាមួយក្រុមម្តងទៀតឬអត់។”

សូមបញ្ជាក់ថា Man UTD បានឈ្នះ ៦៣.២ភាគរយ នៃការប្រកួតក្នុងក្របខណ្ឌ Premier League ដែល Christian Eriksen បានបង្ហាញខ្លួន ក្នុងរដូវកាលនេះ ធៀបទៅនឹង ៤៤.៤ ភាគរយនៃការប្រកួតទាំងនោះ ដែលគេបានអវត្តមាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង