×

អាហ្សង់ទីនទម្លាក់ប្រេស៊ីលឡើងឈរកំពូលតារាងក្រុមបាល់ទាត់លេខ១ពិភពលោករបស់ FIFA

ម្ចាស់ជើងឯក World Cup ២០២២ ក្រុមជម្រើសជាតិអាហ្សង់ទីន បានទម្លាក់ក្រុមជម្រើសជាតិប្រេស៊ីល ដើម្បីឡើងឈរចំណាត់ថ្នាក់ជាក្រុមបាល់ទាត់ជម្រើសជាតិលេខ១ពិភពលោក ក្នុងតារាងចំណាត់ថ្នាក់របស់ FIFA។
វាមានរយៈពេល៦ឆ្នាំហើយ ដែលអាហ្សង់ទីនខកខានឡើងឈរកំពូលតារាង FIFA World Ranking បន្ទាប់ពីពួកគេធ្លាប់បានឈរចំណាត់ថ្នាក់នេះកាលពីឆ្នាំ២០១៧។

អាហ្សង់ទីនដែលបានឈ្នះ World Cup កាលពីឆ្នាំមុននៅប្រទេសកាតាដោយការផ្តួលបារាំងនៅវគ្គផ្តាច់ព្រ័ត្រនោះទទួលបានចំណាត់ថ្នាក់លេខ ១ ពិភពលោក បន្ទាប់ពីក្រុមដែលដឹកនាំដោយគ្រូបង្គោលលោក Lionel Scaloni បានផ្តួលប៉ាណាម៉ាដោយលទ្ធផល ២-០ និង Curacao ដោយលទ្ធផល ៧-០ ក្នុងការប្រកួតមិត្តភាព។

សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ ក្នុងតារាង FIFA World Ranking គឺជាក្រុម បារាំងដែលបានឡើងមកបន្ទាប់ពីឈ្នះហូឡង់ ៤-០ និងឈ្នះអៀរឡង់ ១-០ ក្នុងវគ្គជម្រុះ Euro 2024 ខណៈប្រេស៊ីលបានធ្លាក់មកលេខ៣ បន្ទាប់ពីចាញ់ម៉ារ៉ុក ២-១ ក្នុងការប្រកួតមិត្តភាព។

រីឯក្រុមជម្រើសជាតិបែលហ្ស៊ីក បន្តឈរលេខ៤ដដែល ហើយអង់គ្លេសនៅឈរលេខ៥ តាមពីក្រោយដោយហូឡង់នៅឈរលេខ៦ ក្រូអាតនៅលេខ៧ អ៊ីតាលីលេខ៨ ហើយ ព័រទុយហ្កាល់ និង អេស្ប៉ាញ នៅលេខរៀងបន្តគ្នាគឺលេខរៀងទី៩ និងលេខរៀងទី១០។

ចំពោះតារាងចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិ FIFA World Ranking នឹងធ្វើការផ្លាស់ប្តូរម្តងទៀត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង