Erling Haaland បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេរបស់កីឡាករប្រកបអាជីពនៅក្របខណ្ឌ Premier League ក្នុងរយៈពេលមួយរដូវកាល នៅពេលដែលក្រុម Manchester City បានយកឈ្នះលើក្រុម Bayern Munich ក្នុងវគ្គ៨ក្រុមចុងក្រោយ ជើងទីមួយ នៃក្របខណ្ឌ Champions League ដោយលទ្ធផល ៣-០ កាលពីយប់មិញ។
ខ្សែប្រយុទ្ធន័រវែសវ័យ២២ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីគ្រាប់ទី៣សម្រាប់ Man City ក្នុងការប្រកួត Etihad ដើម្បីផ្ដល់ភាពកក់ក្ដៅមួយនៅពេលពួកគេធ្វើដំណើរទៅលេងជើងទីពីរនៅប្រទេសអាល្លឺម៉ង់។
វាគឺជាគ្រាប់ទី៤៥ របស់ Haaland សម្រាប់ Man City ក្នុងរដូវកាលនេះ ដោយលេងបាន ៣៩ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់ ដែលជាកំណត់ត្រាថ្មីមួយសម្រាប់កីឡាករនៅ Premier League ។
វាក៏ជាគ្រាប់ទី៥ របស់ Haaland ក្នុង៧ប្រកួត ជាមួយក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich បន្ទាប់ពីបានផ្ទេរពី Borussia Dortmund ។
ក្រុមមេឃខៀវ បានបើកការនាំមុខទៅលើក្រុមយក្សអាល្លឺម៉ង់ ក្នុងវគ្គទីមួយ ដោយ Rodri នៅនាទីទី២៧ មុនពេលដែល Bernardo Silva និង Haaland រកបានម្នាក់មួយគ្រាប់ក្នុងចន្លោះពេល៧នាទី ក្នុងវគ្គទីពីរ ក្នុងនាទីទី ៧០ និង ៧៦៕