Chelsea បានចាប់អារម្មណ៍លើខ្សែបម្រើ Gavi និងបានពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករសញ្ជាតិអេស្ប៉ាញរបស់ Barcelona នៅក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលត្រូវបានចុះផ្សាយលើសារព័ត៌មានធំៗជាច្រើន។
កិច្ចប្រជុំដំបូងមានភាពវិជ្ជមាន ហើយការពិភាក្សាបន្ថែមទៀត នឹងត្រូវធ្វើឡើង ខណៈក្រុមតោខៀវ ព្យាយាមចងក្រងកិច្ចព្រមព្រៀងមួយជាមួយភ្នាក់ងាររបស់កីឡាករវ័យ១៨ឆ្នាំ។
របាយករណ៍នេះ បានកើតឡើងស្របពេលដែលបញ្ហាហិរញ្ញវត្ថុកំពុងបន្តវាយលុកលើ Barcelona ដែលធ្វើឱ្យកិច្ចសន្យាថ្មីជាមួយនឹង Gavi មិនទាន់មានសុពលភាពនៅឡើយទេ។
Barca ត្រូវចុះឈ្មោះ Gavi ជាកីឡាករជម្រើសដំបូងនៅត្រឹមខែកក្កដា ប៉ុន្តែក្រុមអ្នកមានបុណ្យត្រូវកាត់បន្ថយចំណាយរបស់ក្លិប។
សារព័ត៌មាន Diario AS បានឱ្យដឹងថា ប្រសិនបើពួកគេមិនអាចកាត់បន្ថយថ្លៃឈ្នួលនឿយហត់របស់កីឡាករក្នុងក្រុមបានទេនោះ កិច្ចសន្យាថ្មីរបស់ Gavi អាចត្រូវបានចាត់ទុកជាមោឃៈ។
របាយការណ៍បន្ថែមថា Chelsea បានត្រៀមផ្តល់ជូន Gavi នូវថ្លៃនឿយហត់ដ៏ច្រើន។ ប្រសិនបើពួកគេតែងតាំងលោក Luis Enrique ដែលជាអតីតអ្នកចាត់ការក្រុមជម្រើសជាតិអេស្ប៉ាញដែលធ្លាប់ធ្វើការជាមួយ Gavi ជាអ្នកចាត់ការថ្មីរបស់ Chelsea កិច្ចព្រមព្រៀង Gavi អាចនឹងមានសង្ឃឹមកាន់តែខ្ពស់។
ក្រុមតោខៀវបាននាំយក Frank Lampard មកធ្វើជាគ្រូបណ្ដោះអាសន្ន បន្ទាប់ពីចែកផ្លូវពីលោក Graham Potter ៕