
Chelsea ត្រូវបានរាយការណ៍ថា បានជួបជាមួយ Julian Nagelsmann ជាលើកដំបូង ខណៈពួកគេកំពុងខិតខំប្រឹងប្រែងក្នុងការស្វែងរកអ្នកចាត់ការអចិន្ត្រៃយ៍ថ្មីនៅមុនរដូវកាលក្រោយ។
ក្រុមតោខៀវ កំពុងព្យាយាមសម្រិតសម្រាំងបញ្ជីឈ្មោះបេក្ខភាពអ្នកចាត់ការទូទៅអចិន្ត្រៃយ៍ ដែលនឹងជំនួសតំណែងលោក Frank Lampard ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
កាសែត The Times បានរាយការណ៍ថា នាយកសហកីឡារបស់ Chelsea លោក Paul Winstanley និង Laurence Stewart បានជួបជាមួយលោក Nagelsmann កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
Nagelsmann ត្រូវបានបណ្តេញចេញដោយ Bayern Munich និងជំនួសដោយអតីតគ្រូបង្វឹក Chelsea លោក Thomas Tuchel ត្រឹមតែពីរសប្តាហ៍ មុនពេលក្រុមតោខៀវ បានបញ្ឈប់លោក Graham Potter ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ មិនមែនជាបេក្ខភាពតែម្នាក់ដែលត្រូវបានពិចារណាពីថ្នាក់ដឹកនាំនៃកីឡដ្ឋាន Stamford Bridge ឡើយ។ Chelsea បានជួបជាមួយលោក Luis Enrique អតីតអ្នកចាត់ការក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លិប Barcelona មុនពេលជួល Lampard ។
ចំណែកលោក Mauricio Pochettinoអតីតអ្នកចាត់ការ Tottenham Hotspur, លោក Luciano Spalletti របស់ Napoli និងលោក Ruben Amorim គ្រូបង្វឹកក្លិប Sporting CP ក៏ស្ថិតក្នុងបញ្ជីផងដែរ។
ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ មិនទាន់ស្គាល់ពាក្យថាឈ្នះ ៦ ប្រកួតមកហើយ។ ពួកគេនឹងទទួលក្រុម Real Madrid នៅជើងទី២ វគ្គ៨ក្រុមចុងក្រោយ នៃក្របខណ្ឌ Champions League នៅសប្ដាហ៍នេះ។ ក្រុមរបស់លោក Lampard បានបរាជ័យ ២–០ ក្នុងជើងទី១ កាលពីសប្ដាហ៍មុន៕
