ខ្សែប្រយុទ្ធ Mason Greenwood បានបង្ហាញពីបំណងចង់ចាកចេញពីក្លិប Manchester United ចំពេលដែលក្លិបអ៊ីតាលី AC Milan បង្កើនការចាប់អារម្មណ៍ទៅលើរូបគេ។
Greenwood អវត្តមានមិនបានជួយ Man UTD តាំងពីខែមករា ឆ្នាំ២០២២ ក្រោយមានបញ្ហាផ្លូវច្បាប់មួយចំនួនជាមួយអតីតមិត្តស្រីពាក់ព័ន្ធទៅនឹងអំពើហិង្សា និង ការរំលោភបំពាន។
យ៉ាងណាមិញ រាល់បទចោទប្រកាន់ទាំងអស់ ត្រូវបានតុលាការសម្រេចទម្លាក់ចោល កាលពីខែកុម្ភៈកន្លងទៅ។ ប៉ុន្តែ បើទោះបីជារួចផុតពីការចោទប្រកាន់ក៏ដោយ ប៉ុន្តែកីឡាករអង់គ្លេសនៅតែមិនទាន់បានចូលលេងអោយក្លិបបិសាចក្រហមនៅឡើយទេ។
បន្ថែមពីនេះក៏មានការអះអាងថា ការវិលត្រឡប់មកវិញរបស់ Mason Greenwood មិនត្រូវបានស្វាគមន៍ដោយសមាជិកក្លិបជាច្រើនរូប ហើយរូបគេក៏មិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកលោក Erik ten Hag ផងដែរ។
ដូច្នេះហើយ Mason Greenwood បានបង្ហាញពីបំណងស្វែងរកទ្រនំថ្មី ដើម្បីស្វែងរកឱកាសលេង ហើយរូបគេក៏ទទួលបានការចាប់អារម្មណ៍ពី ក្លិប AC Milan ដោយចង់បានរូបគេទៅចូលរួមនាពេលទីផ្សារដោះដូរកីឡាករខាងមុខ ដើម្បីទុកជំនួស Rafael Leao ដែលកំពុងមានអនាគតមិនច្បាស់លាស់ជាមួយក្លិប។
សូមបញ្ជាក់ថា Mason Greenwood ជាកីឡាករយុវជនបណ្ដុះបណ្ដាលដោយថ្នាល Manchester United ហើយបានបង្ហាញខ្លួនលេងឱ្យឈុតធំតាំងពីឆ្នាំ ២០១៨។ គិតមកទល់ពេលនេះ រូបគេបានលេងក្នុងការប្រកួតបានចំនួន ៨៣ លើក ហើយស៊ុតចូល ២២ គ្រាប់៕