Thiago Silva បានរិះគន់ម្ចាស់ក្លិប Chelsea បន្ទាប់ពីក្រុមតោខៀវ បានចាញ់ Real Madrid ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ទាំងពីរជើង ដោយបានសង្កត់ធ្ងន់ពីភាពខ្សោយយុទ្ធសាស្ត្រក្នុងទីផ្សារដោះដូរ រហូតដល់ភាពមិនចុះសម្រុងគ្នាក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។
Chelsea ត្រូវបានធ្លាក់ចេញពី Champions League ខណៈ Real Madrid បានយកឈ្នះ ២-០ នៅកីឡដ្ឋាន Stamford Bridge ដើម្បីធានាកៅអីរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កាលពីជើងទីមួយ ក្រុមមកពីក្របខណ្ឌ Premier League បានទទួលបរាជ័យដោយលទ្ធផល ២-០ ផងដែរ។
លោក Frank Lampard នឹងដឹកនាំការប្រកួតចំនួន ៧ ដែលនៅសល់ក្នុងរដូវកាលនេះ ប៉ុន្តែកៅអីសម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយស្ថិតនៅឆ្ងាយ។ Chelsea កំពុងតាមពីក្រោយក្រុមចំណាតថ្នាក់លេខ៤ Newcastle Untied ចំនួន ១៧ពិន្ទុក្នុង Premier League។ បច្ចុប្បន្ន Chelsea កំពុងស្វែងរកអ្នកស្នងតំណែងជាអចិន្ត្រៃយ៍របស់លោក Lampard ។
Silva បាននិយាយថា៖ “ខ្ញុំគិតថា ជំហានដំបូងរបស់យើងមិនត្រឹមត្រូវទេ។យើងមិនអាចបន្ទោសអ្នកចាត់ការទូទៅបានទេ ប្រសិនបើពួកយើងមិនទទួលខុសត្រូវ។ វាជាពេលវេលាដ៏លំបាកមួយ ជាមួយនឹងភាពមិនច្បាស់លាស់ជាច្រើន។”
ខ្សែការពារប្រេស៊ីលបន្តថា៖ “ការផ្លាស់ប្តូរម្ចាស់ក្លិប ការមកដល់របស់កីឡាករថ្មី ដែលតម្រូវឱ្យពួកយើងផ្លាស់ប្ដូរទំហំនៃបន្ទប់ផ្លាស់សម្លៀកបំពាក់ ព្រោះវាចង្អៀតពេក៕”