ពានរង្វាន់ FIFA Women’s World Cup បានធ្វើដំណើរទៅដល់ទីក្រុង Toronto ប្រទេសកាណាដាហើយ ដែលជាផ្នែកមួយនៃការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោកនារី មុនឈានដល់ការប្រកួតសម្រាប់ឆ្នាំ២០២៣ នេះ។
ព្រឹត្តិការណ៍ដង្ហែពានរង្វាន់ត្រូវបានរៀបចំឡើងដោយគណៈកម្មការជាន់ខ្ពស់អូស្ត្រាលី និងនូវែលហ្សេឡង់ នៅភោជនីយដ្ឋាន Marked នៅកណ្តាលទីក្រុង Toronto។
អតីតកីឡាករជម្រើសជាតិកាណាដា Diana Matheson, Jonelle Filigno និង Robyn Gayle ក៏ដូចជាអគ្គលេខាធិការបាល់ទាត់កាណាដា លោក Earl Cochrane ក៏មានវត្តមានចូលរួមក្នុងកម្មវិធីនោះផងដែរ។
ទីក្រុង Toronto គឺជាទីតាំងទី ១៦ ក្នុងចំណោម ៣៦ ខណៈដែលពានរង្វាន់ FIFA Women’s World Cup នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសចំនួន ២៧ ក្នុងចំណោម ៣២ ប្រទេសដែលបានកៅអីចូលរួមការប្រកួត មុនពេលបញ្ចប់ជាមួយនឹងព្រឹត្តិការណ៍ប្រកួតជាផ្លូវការចូលមកដល់នៅក្នុងប្រទេសម្ចាស់ផ្ទះទាំងពីរគឺអូស្ត្រាលី និងនូវែលសេឡង់ ដែលនឹងធ្វើឡើងពីថ្ងៃទី ២០ខែកក្កដា ដល់ ថ្ងៃទី២០ ខែសីហា ខាងមុខ។
ពានរង្វាន់ FIFA Women’s World Cup ត្រូវបានរចនាឡើងក្នុងឆ្នាំ ១៩៩៨ ធ្វើពីសំរឹទ្ធស្រោបមាស និងអាលុយមីញ៉ូមប៉ូលា។ វាមានទម្ងន់ 4.6 គីឡូក្រាម និងកម្ពស់ 47 សង់ទីម៉ែត្រ ហើយមានតែអតីតម្ចាស់ជើងឯក World Cup និងប្រមុខរដ្ឋប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតអោយប៉ះពាល់ និងកាន់ពានរង្វាន់មួយនេះ៕