វីរបុរស Man UTD លោក Rio Ferdinand បានបង្ហើបថា Real Madrid ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើលោក Mikel Arteta ជាគ្រូបង្វឹកថ្មីសម្រាប់រដូវកាលក្រោយ បើលោក Carlo Ancelotti ត្រូវចាកចេញ។
អនាគតរបស់លោក Carlo Ancelotti នៅទឹកដី Santiago Bernabéu មិនច្បាស់លាស់នោះទេ ខណៈរូបលោកក៏បដិសេធមិននិយាយអំពីអនាគតរបស់ខ្លួនដែរ ទោះជាមានការចាប់អារម្មណ៍ពីក្រុមជម្រើសជាតិប្រេស៊ីលក៏ដោយ។
គ្រូបង្វឹកវ័យ ៦៣ឆ្នាំ បានបាត់បង់ឱកាសប្រជែងពានលីគ La Liga ស្ទើរតែទាំងស្រុងនៅរដូវកាលនេះក៏ដោយ ប៉ុន្តែលោកនៅសល់ពានរង្វាន់ចំនួន ២ នៅក្នុងដៃទៀតគឺពានរង្វាន់ Copa del Rey និង Champions League។
ជាលទ្ធផល ក្រុមប្រឹក្សាភិបាលក្លិបយក្សអេស្ប៉ាញ កំពុងគិតរួចហើយអំពីការជំនួសកន្លែងសម្រាប់លោក Ancelotti ហើយលោក Mikel Arteta ជាគោលដៅដ៏សំខាន់បំផុតមួយ។
លោក Rio Ferdinand បានទម្លាយអោយដឹងថា “អ្នកត្រូវតែដាក់លោក Arteta មុនគេ និងសំខាន់បំផុត។ ខ្ញុំបានលឺថា Real Madrid ចាប់អារម្មណ៍។ ខ្ញុំបានលឺថាលោក Ancelotti អាចនឹងចុះចេញពីដំណែង ហើយ Arteta កំពុងតែសម្លឹងទៅមើល Real Madrid។”
ដោយឡែក លោក Mikel Arteta កំពុងដឹកនាំ Arsenal ទទួលបានលទ្ធផលល្អ ជាពិសេសនៅក្របខណ្ឌ Premier League។ ប្រសិនបើលោក Arteta អាចចាកចេញពីទឹកដី Emirates នៅចុងបញ្ចប់រដូវកាលនេះ អញ្ចឹងវានឹងក្លាយជា ការប៉ះទង្គិចដ៏ធំមួយសម្រាប់ Arsenal ដែលបានវិនិយោគលើចក្ខុវិស័យរយៈពេលវែងរបស់លោក Arteta សម្រាប់ភាពជោគជ័យនាពេលអនាគត៕