លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Manchester City ចាត់ទុកការប្រកួតទល់នឹង Arsenal នៅពាក់កណ្ដាលសប្ដាហ៍នេះគឺជាការកាត់សេចក្ដីថាក្រុមណានឹងក្លាយជាជើងឯក Premier League រដូវកាល ២០២២-២០២៣ ទោះបីជារដូវកាលមិនទាន់បញ្ចប់រហូតដល់ចុងខែឧសភាក៏ដោយ។
Manchester City របស់លោក Pep Guardiola ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Arsenal នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ក្រុមមេឃខៀវ ដែលនៅសល់ ២ប្រកួតក្នុងដៃ តាមពីក្រោយក្រុមកាំភ្លើងធំ ៥ពិន្ទុ។
អ្នកចាត់ការទូទៅរបស់ City បាននិយាយថា៖ “វាពិតជាសំខាន់ណាស់ ហើយវាគឺជាវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមដែលជាក្រុមល្អបំផុតនៅក្នុងប្រទេសអង់គ្លេសរហូតមកដល់ពេលនេះ។ ពួកគេនាំមុខយើង ៥ពិន្ទុ។” “នេះជាការប្រកួតដ៏សំខាន់មួយសម្រាប់ពួកយើង។ ប្រសិនបើពួកយើងឈ្នះ វានឹងស្ថិតក្នុងដៃរបស់ពួកយើងទាំងស្រុង។”
Man City ដែលឈ្នះ១១ប្រកួតក្នុងចំណោម១២ប្រកួតចុងក្រោយ បានយកឈ្នះ Arsenal ពីរដងក្នុងរដូវកាលនេះ ទាំងក្នុង Premier League និង FA Cup ខណៈ Arsenal ជួបនូវទម្រង់លេងមិនសូវល្អឡើយ ដោយស្មើជាមួយ Liverpool, West Ham និង Southampton ក្នុង ៣ ប្រកួតចុងក្រោយរបស់ពួកគេ។
ការប្រកួតរវាង City និង Arsenal នៅកីឡដ្ឋាន Etihad នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នៅយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ចាប់ម៉ោង ២:០០ រំលងអធ្រាត្រតទៅ៕