សារព័ត៌មាន Daily Mail បានធ្វើការផ្សព្វផ្សាយឱ្យដឹងថា ខ្សែប្រយុទ្ធ Roberto Firmino អាចនឹងផ្ទេរទៅ Barcelona ក្រោយចាកចេញពី Liverpool។
កិច្ចសន្យាបច្ចុប្បន្នរបស់ Roberto Firmino ជាមួយក្លិប Liverpool នឹងត្រូវផុតសុពលភាព នៅក្នុងខែមិថុនាខាងមុខ ដោយមានការជឿជាក់ជាច្រើនថារូបគេនឹងត្រូវចាកចេញពីទឹកដី Anfield នៅពេលនោះផងដែរ។
ជុំវិញស្ថានភាពបែបនេះ បានធ្វើឱ្យក្លិបធំៗជាច្រើនដូចជា Real Madrid, Barcelona និង Atletico Madrid សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើ កីឡាករប្រេស៊ីល ដោយគ្មានតម្លៃខ្លួន នៅពេលទីផ្សារ រដូវក្តៅខាងមុខ។
តែទោះជាយ៉ាងណា ប្រភពខាងដើមបានអះអាងថា Roberto Firmino ហាក់បានធ្វើការសម្រេចចិត្តរួចរាល់ហើយចំពោះក្លិបថ្មីដែលគេចង់ទៅ នោះគឺក្លិប Barcelona ។ Firmino បានយល់ព្រមទៅលើកិច្ចព្រមព្រៀងមួយចំនួនរួចរាល់ហើយ ក្នុងការចូលរួមជាមួយ Barcelona នៅពេលកុងត្រារបស់គេនៅ Liverpool ត្រូវបញ្ចប់។
គិតមកដល់នឹងពេលនេះ Roberto Firmino ចូលលេងបាន ៣៣ ប្រកួត ជាមួយ Liverpool ដោយក្នុងនោះ គេបង្ហាញខ្លួន នៅជម្រើស ១១ នាក់ដំបូងត្រឹមតែ ១៧ ប្រកួតប៉ុណ្ណោះ ដោយរកបាន ១១ គ្រាប់ និងចែកបាល់សម្រេចទីបាន ៥ លើក ៕